រាជធានីភ្នំពេញ៖ បុរសជាជនបរទេសម្នាក់ បានបើកបររថយន្តស៊េរីទំនើបម៉ាក មែហ្សឺដេស មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បុករះរថយន្តចំនួន ០១គ្រឿង ខ្ទាតប៉ើងទៅក្រោយវិញជិត៥០ម៉ែត្រ កង់បីឥណ្ឌា ០១គ្រឿង និងម៉ូតូ ចំនួន ០១គ្រឿងទៀត សរុបទាំងអស់ គឺចំនួន ០៤គ្រឿងទាំងរថយន្តបង្ករផង តែសំណាងល្អមិនបានបង្ករឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ធ្ងន់ធ្ងរ គ្រាន់តែរលាត់ដៃជើងតិចតួចប៉ុណ្ណោះ និងរងការខូចខាតយ៉ាងដំណំ។
ករណីបុករះនេះដែរបានកើតឡើងកាលពីវេលាម៉ោង ០៥ និង ១៥នាទីល្ងាច ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២៤ នៅចំណុចក្បែរភ្លើងស្តុបផ្លូវលេខ ៦៣ (ផ្លូវត្រសក់ផ្អែម) កែងផ្លូវ ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តស៊េរីទំនើបម៉ាក មែហ្សឺដេស ព៌ណខ្មៅ ពាក់ស្លាកលេខ ឧ.មានជ័យ ២D-៩៩៩៩ មួយគ្រឿង បើកបរដោយបុរសជនជនបរទេសម្នាក់ រួមដំណើរដោយស្ត្រីជាប្រពន្ធ ក្នុងល្បឿនលឿនវ៉ាជែង ដោយគ្មានការប្រុងប្រយ័ត្ន។ លុះមកដល់កន្លែងកើតហេតុ រថយន្តនោះ ក៏បានទៅបុករថយន្តម៉ាក Ford ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ ២BG- ៤៤០៣ មួយគ្រឿង ដែលបើកបរមកពីមុខបញ្ច្រាសទិសគ្នា ខ្ទាតចម្ងាយប្រមាណជា ៥០ម៉ែត្រ ទៅក្រោយវិញ បុកកង់បីឥណ្ឌា០១គ្រឿង និង ម៉ូតូម៉ាក Today ០១គ្រឿង សរុបទាំងអស់ចំនួន ០៤គ្រឿង បណ្តាលឱ្យរងការខូតខាតយ៉ាងដំណំតែម្តង តែសំណាងល្អមិនបង្ករឱ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ធ្ងន់ធ្ងរ គ្រាន់តែរលាត់ដៃជើងតិចតួចប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌបឹងកេងកង បានចុះមកដល់កន្លែងបុករះខាងលើ ដោយអោយភាគីទាំង ៤ និយាយដោះស្រាយគ្នា ចុងក្រោយភាគីខាងជនបរទេស ដែលបើកបររថយន្តស៊េរីទំនើបបង្ករ ចេញសងថ្លៃជួសជុលទៅដល់ភាគីរថយន្ត Ford កង់បីឥណ្ឌា និង ម៉ូតូ ដែលរងការខូចខាត បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ ៕ អែល មេសា