រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ មន្រ្តីស៊ើបអង្កេតនៃសាខា ក.ប.ប. រាជធានីភ្នំពេញ ដឹកនាំដោយលោក គង់ វុទ្ធី អនុប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្រ្តីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ ភូមិសាស្ត្ររាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យជាក់ស្តែងលើ ប្រហិតសាច់ត្រីប្រាកិន ដែលអ្នកដឹកជញ្ជូនអះអាងថាបាននាំចូលតាមច្រកព្រំដែន នៃខេត្តកណ្តាល ដោយផ្ទុកក្នុងរថយន្ត។
ជាលទ្ធផល សមត្ថកិច្ចចម្រុៈ បានធ្វើការត្រួតពិនិត្យឃើញថាផលិតផលប្រហិតត្រីប្រាកិនទាំងនោះ មានការវេចខ្ចប់ពុំមានអនាម័យ ការដឹកជញ្ជូនមិនត្រឹមត្រូវ ពុំមានស៊ីតុណ្ហភាពស្របតាមស្តង់ដារ ពុំមានគុណភាពសម្រាប់មនុស្សបរិភោគបាន និងគ្មានឯកសារបញ្ជាក់ពីប្រភពដើមនៃផលិតផលឡើយ។
ផ្អែកតាមលទ្ធផលនៃការត្រួតពិនិត្យនេះ សមត្ថកិច្ចចម្រុះបានធ្វើការដកហូត និងបំផ្លាញចោលតាមនីតិវិធី នូវផលិតផល ប្រហិតត្រីប្រាកិនចំនួន ២ ០០០គីឡូក្រាម (ឬ២តោន)នេះ នៅទីលានចាក់សម្រាមស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ៕