ខេត្តពោធិ៍សាត់ ៖ មានករណីលួចមានស្ថានទម្ងន់ទោស កើតឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២និង៤៣នាទីទាបភ្លឺ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពដើរចូលតាមផ្លូវលំ សំដៅទៅផ្ទះជនរងគ្រោះ ពេលនោះជនរងគ្រោះភ្ញាក់ទាន់មើលឃើញ ក៏រត់តាមជនសង្ស័យបានប្រតាយប្រតប់វាយគ្នា ធ្វើឲ្យជនសង្ស័យចាក់ជនរងគ្រោះចំ(ពោះ)បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនភ្លាមៗ។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ មុំ ថា ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិសង្កាត់កើតហេតុខាងលើ បណ្តាលឲ្យរងរបួសធ្ងន់ សម្រាកព្យាបាលនៅគ្លីនិកឯកជនវឌ្ឍនៈ។
របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ ដឹកនាំបញ្ជាផ្ទាល់កម្លាំងជំនាញ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ បានចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ុង សុយ៉ត (ហៅម៉ាប់) ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីបទលួចមានស្ថានទម្ងន់ទោស នៅចំណុចស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថិតនៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង១០និង០៩នាទីព្រឹក នៅថ្ងៃខែឆ្នាំដដែរ។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕