រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ដល់កងកម្លាំងចម្រុះ មានទាំងសមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរ កម្លាំងបង្កា សង្គ្រោះ និងពន្លត់អគ្គិភ័យ ដឹកនាំដោយលោក វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងកងរាជអាវុហត្ថ រួមទាំងកម្លាំងសង្គ្រោះ កងប្រតិបត្តិការរុកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ សហការគ្នាជួយសង្គ្រោះ ក្មេងស្រីអាយុ១៣ឆ្នាំ ដែលធ្លាក់គាបជាប់ប្រឡោះជញ្ជាំង ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង២៤ នាទីយប់ថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០២៤ នៅផ្លូវលេខ៣៥១ ផ្ទះលេខ២៦ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើ មានឈ្មោះ សុខ នីតា អាយុ១៣ឆ្នាំ បានធ្លាក់ពីលើផ្ទះ ចូលជាប់ប្រឡោះជញ្ជាំង ត្រូវបានកងប្រតិបត្តិការរុកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ជួយសង្គ្រោះបានដោយជោគជ័យ និងបានដឹកបញ្ជូនទៅមន្ទីរពេទ្យគុន្ធបុប្ផាដោយសុវត្ថិភាព ៕ មេសា