រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់ រាលដាលយ៉ាងសន្ធោសន្ធៅ នៅសហគមន៍មិត្តភាព ផ្អើលរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះទៅអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទីល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុច សហគមន៍មិត្តភាព ផ្លូវលេខ២២៧ ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ កុល វ៉ា ភេទ ប្រុស អាយុ ៥៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សារដែក ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីអគ្គិភ័យ បានឆាបឆេះ ទីតាំងប្រភេទ ឈើលើថ្មក្រោម ទំហំ ០៤ម៉ែត្រx០៤ម៉ែត្រ ខូចខាតសម្ភារៈ ឆេះផ្ទះឈើលើថ្មក្រោមចំនួន ០១ខ្នង ហើយឆេះរាលដាលដល់ផ្ទះឈើលើថ្មក្រោមចំនួន ០២ខ្នងអស់ទាំងស្រុង រួមទាំងឆេះផ្ទះ ០១ខ្នងខូចខាតអស់៧០% និងឆេះផ្ទះ ០១ខ្នងទៀតខូចខាតអស់៣០%។
ក្នុងករណីនេះ រថយន្តការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តមកអន្តរាគមន៍ ចំនួន ២៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៣ឡាន ស្មើរនឹង ៩២ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍ពីខាង៖
-រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៣គ្រឿងប្រើប្រាស់អស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យកងរាជអាវុធហត្ថចំនួន ០៣គ្រឿងប្រើប្រាស់អស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រូប ។
-រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ។
-រថយន្យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។
រហូតរលត់ទៅវិញ នៅវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃខែ ឆ្នាំដដែល ។ ចំណែកមូលហេតុ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ៕ អែល មេសា