ខេត្តកណ្តាល ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង
ស្តីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិ លេខ ២១ ចាប់ពីចំណុចគ.ម៧+៥៨០(ស្ពានរំលងផ្លូវក្រវាត់ក្រុងទី៣) ដល់ គ.ម៤៦+៧១០(ស្ពានកោះធំ) ចាប់ពីវេលាម៉ោង ០:០០នាទី រំលងអធ្រាត្រ រហូតដល់វេលាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍រថយន្ត ដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីចំណុចគ.ម៧+៥៨០(ស្ពានរំលងផ្លូវ ក្រវាត់ក្រុងទី៣) ដល់គ.ម៤៦+៧១០(ស្ពានកោះធំ) ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល ចាប់ពីវេលាម៉ោង ០:០០នាទីរំលងអធ្រាត្រ រហូតដល់វេលាម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដើម្បីរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យតេជោសែនកោះធំ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរឌិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី។
សម្រាប់រថយន្តធុនធ្ងន់ដែលមានបំណងធ្វើដំណើរឆ្លងកាត់ទៅមក ក្រុងតាខ្មៅ-ស្រុកកោះធំ សូមធ្វើការវាងតាមផ្លូវខេត្តលេខ ១១០ ដោយឆ្លងកាត់តាមស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ត្រង់ គ.ម២+១៥០ ឬស្ពានផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រង់គ.ម៧+៥៨០ និងស្ពានមិត្តភាពកម្ពុជា-ចិន កោះធំត្រង់ គ.ម៤៦+៧១០ ។ដោយឡែកយានយន្តធុនស្រាលអាចធ្វើចរាចរណ៍បានជាធម្មតា។
អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន និងសូម ការយោគយល់អធ្យាស្រ័យ ដោយជួយចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកប ដោយប្រសិទ្ធភាពខ្ពស់ ៕