រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់យ៉ាងរន្ធត់ ខណៈតរាយខ្សែភ្លើងឆក់ត្រីខាងក្រោយផ្ទះ បែរជាឆ្លងចរន្តអគ្គិសនីឆក់ប្រកាច់ក្នុងទឹក កូនឃើញស្រែកឆោឡោហៅគេឲ្យជួយ និងត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ចេញជួយសង្គ្រោះធ្វើចលនាបេះដូងដល់ជនរងគ្រោះដែរ តែមិនអាចជួយបាន ព្រោះស្លាប់បាត់បង់ជិវិតនៅមុនពេលក្រុមសង្គ្រោះមកដល់ទៅទៀត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នៅភូមិត្មាតពង សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមរបាយការណ៍ពីសមត្ថកិច្ចដែលTVFB ទទួលបាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស៊ិន រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើត ភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាបុរសពោះម៉ាយ មានកូនប្រុសម្នាក់ អាយុ៤ឆ្នាំ សព្វថ្ងៃរស់នៅផ្ទះជាមួយម្តាយឈ្មោះ មាស រឿន អាយុ៦៦ឆ្នាំ មុខរបរកសិករ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានតរាយខ្សែភ្លើង ភ្ជាប់ជាមួយដងឫស្សី យកទៅចុះឆក់ត្រីក្នុងទឹកស្រះខាងក្រោយផ្ទះ ។ ចំណែកកូនប្រុសនៅអង្គុយមាត់ស្រះ ។ លុះពេលចាប់ផ្តើមឆក់ មិនទាន់ទាំងបានត្រីមួយផង ស្រាប់តែប៉ះមុខតំណរ ឆ្លងចរន្តអគ្គិសនីឆក់ប្រកាច់ធ្លាក់ចូលក្នុងទឹកស្រះ កូនតូចឃើញក៏ស្រែកយំឆោឡោ ផ្អើលម្តាយរត់មកមើលចៅ ក៏ឃើញក៏ឆក់ខ្សែភ្លើង ទើបស្រែកហៅបងប្អូនឲ្យកាត់ផ្តាច់ខ្សែភ្លើងចេញ រួចនាំគ្នាស្រង់ឡើងគោក មិនអស់ចិត្ត ក៏បានសុំជំនួយពីខាងក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញជួយសង្គ្រោះធ្វើចលនាបេះដូងដល់ជនរងគ្រោះដែរ តែមិនអាចជួយបាន ព្រោះស្លាប់បាត់បង់ជិវិតនៅមុនពេលក្រុមសង្គ្រោះមកដល់ទៅទៀត ។ ម្តាយគ្រាន់តែលឺកូនស្លាប់ ស្លុតចិត្តពេក គាំងបេះដូង ទន់ដៃជើងសន្លប់ស្តូកស្តឹង ត្រូវបានក្រុមសង្គ្រោះ ជួយសង្គ្រោះបឋម ទើបដឹងខ្លួនវិញ និងប្រគល់ឱ្យក្រុមគ្រួសារជួយសម្រួលផ្លូវអារម្មណ៍របស់គាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញស្នងការរាជធានីភ្នំពេញ ផ្នែកកោសល្យវិច័យ បានចុះមកធ្វើការពិនិត្យសពដល់ទីតាំងកើតហេតុបញ្ជាក់ថា ពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតមែន និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា