រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាគាស់ឃ្លាំង៣នាក់ និងទទួលផលចោរកម្មម្នាក់ នៅខណ្ឌជ្រោយចង្វារ ។ នេះបើយោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ហោះ ។
ការបង្ក្រាបនេះ អនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌស្រាល និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង១៥នាទី បានដឹកនាំកម្លាំងឃាត់ខ្លួនជនសង្ស័យ៣នាក់ ត្រង់ចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធលួចមានស្ថានទម្ងន់ទោស (គាស់ឃ្លាំង) តាមបណ្ដឹងរបស់ជនរងគ្រោះ។
១៖ ឈ្មោះ សេង កុសល ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
២៖ ឈ្មោះ សំ ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិពាម សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
៣៖ ឈ្មោះ អ៊ុយ ធារិន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិបាក់ខែងលេី សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្ភារដកហូតរួមមាន៖ កន្ដ្រៃកាត់ដែក ចំនួន១, ដងទាក់ឆ្កែ ចំនួន១, កន្រ្ដៃ ចំនួន២, ទុលឡាវីស ចំនួន២, ដែកគាស់ ចំនួន១, សោខ្វែង ចំនួន១, កូនកាំបិតរុញ ចំនួន១, ពិល ចំនួន១, សោម៉ាឡេត ចំនួន១, ច្រវ៉ាក់ ចំនួន១, សោ ចំនួន១ និងPassApp ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1KE-6646។
ក្រោយចាប់ខ្លួន កម្លាំងនគរបាលជំនាញបាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងទទួលផលចោរកម្ម និងឈានដល់ការចាប់ខ្លួនអ្នកទទួលផលចោរកម្មម្នាក់ឈ្មោះ ឃិន សុឃាន អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៦០អា ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ ទិញ-លក់ អេតចាយ។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកកាន់នាយកដ្ឋានធ្វើការសាកសួរ នឹងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕