ខេត្តរតនគិរី៖ យោងតាមផេកផ្លូវការរបស់ កងរាជអាវុធហត្ថ ខេត្តរតនគិរី បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរី ។ នៅវេលាម៉ោង១០និង១៥ នាទីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំនុចខ្ទមចំការចន្ទី ស្ថិតនៅភូមិវ៉ើនសៃ ឃុំវ៉ើនសៃ ស្រុកវ៉ើនសៃ ខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ើនសៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផុន ជ័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុគ្រឿងញៀនចំនួន ០១លើក ( ដោយវិធានញុះញុង )។
ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ និងបានចាប់យកវត្ថុតាងរួមមាន: ម្សៅក្រាមថ្លា ចំនួន ៤ កញ្ចប់តូចទម្ងន់ ១.០៧ក្រាមថ្នាំសុទ្ធ , ហ្នឹងមេតំហ្វេតាមីនចំនួន ២គ្រាប់ក្នុងមួយកញ្ចប់ទម្ងន់ ០.២០ ក្រាមថ្នាំសុទ្ធ សរុប ៥ កញ្ចប់ , ថវិការចំនួន ២៤០.០០០ រៀល , ទូរស័ព្ទដៃចំនួន ១ គ្រឿង ម៉ាកVIVO , អាវុធកែច្នៃចំនួន ២ ដើម , ឧបករណ៍សំរាប់សេពគ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានជំនាញ កងរាជអាវុធហត្ថខេត្តធ្វើការបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី ៕