រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់លោកអើយ ក្នុងកាមេរ៉ាសុវត្ថិភាព គេឃើញរថយន្តកូរ៉េឃ្លុបដឹកទឹកបរិសុទ្ធមួយគ្រឿង បើកលឿនណាស់ មិនដឹងប្រញាប់ទៅណាទេ ប្រហើនណាស់ ឃើញគេឆ្លងផ្លូវព្រោងព្រាតមិនឈប់ទេ បែរជាមកបុក ម៉ូតូដែលកំពុងជិះដោយបុរសម្នាក់ ឌុបក្មួយ២នាក់ទៀត ទៅសាលារៀន កិនក្មួយស្រីម្នាក់ធ្លាយខួរស្លាប់យ៉ាងរន្ធត់ ពូនិងក្មួយម្នាក់ទៀតរបួសធ្ងន់ រួចបន្តបុកប៉ះកង់បីឥណ្ឌា មួយគ្រឿងទៀត ខ្ទាតប៉ើងក្រឡាប់របួសអ្នកបើកត្រូវជើង ដែលកំពុងឆ្លងជាមួយគ្នា ទាំងកម្រោលតែម្តង ទុកឲ្យឪពុកម្តាយមកដល់ទ្រហ៊ោយំបោកខ្លួនមិនអាចទទួលយកបាន ។ រីឯអ្នកបើកបររថយន្តបង្ក ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ទី៩ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងអស់ក្នុងករណីនេះ ស្លាប់ក្មេងស្រីម្នាក់ របួសធ្ងន់២នាក់ រួមមាន ទី១ ឈ្មោះប៊ុន វិសាល ភេទប្រុស អាយុ៣០ឆ្នាំ (ជាពូ) ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ទី២ជាក្មួយស្រីម្នាក់ទៀត ត្រូវបានក្រុមគ្រួសារ យកទៅពេទ្យដោយខ្លួនឯង ។ដោយឡែក អ្នកបើកកង់បី របួសត្រូវជើង ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច និងកាមេរ៉ាសុវត្ថិភាព បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត កូរ៉េឃ្លុបដឹកទឹកបរិសុទ្ធមួយគ្រឿង ឡូហ្គូ ឱរ៉ាល់ ពាក់ស្លាកលេខ ភ្នំពេញ 3E-2791 ក្នុងទិសដៅពីកើតមកលិច តាមបណ្តោយផ្លូវជាតិលេខ៤ខាងលើ យ៉ាងលឿន មិនដឹងប្រញាប់ទៅណាទេ ប្រហើនណាស់ ឃើញគេឆ្លងផ្លូវព្រោងព្រាតមិនបង្អន់ឈប់ទេ បែរជាមកបុក ម៉ូតូ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1S-0512 ដែលកំពុងជិះដោយបុរសម្នាក់ ឌុបក្មួយ២នាក់ទៀត ពីផ្ទះទៅសាលារៀន កិនក្មួយស្រីម្នាក់ធ្លាយខួរស្លាប់យ៉ាងរន្ធត់ ពូនិងក្មួយម្នាក់ទៀតរបួសធ្ងន់ រួចបន្តបុកកង់បីឥណ្ឌា មួយគ្រឿងទៀត ខ្ទាតប៉ើងក្រឡាប់របួសអ្នកបើកត្រូវជើង ដែលកំពុងឆ្លងកាត់ទទឹងផ្លូវ ចេញពីក្លោងទ្វារវត្តអារុណវត្តី ជិតផុតទៅហើយ ទាំងកម្រោលតែម្តង ទុកឲ្យឪពុកម្តាយមកដល់ទ្រហ៊ោយំបោកខ្លួនមិនអាចទទួលយកបាន ។ រីឯអ្នកបើកបររថយន្តបង្ក ត្រូវសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗផងដែរ ។ គួរបញ្ជាក់ថា ២ ទៅ៣ថ្ងៃនេះ ត្រង់នេះ ទើបតែបុកគ្នាស្លាប់ថ្មីៗផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌកំបូល សហការជាមួយជំនាញចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង យករថយន្តបង្ក និងអ្នកបើកបរម៉ូតូ កង់បីនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ មេសា