រាជធានីភ្នំពេញ ៖ បុរសវ័យជាង ៣០ឆ្នាំ ម្នាក់ បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតភ្លាមៗតាមផ្លូវយ៉ាងអណោចអធ័ម ខណៈដែលរូបគាត់កំពុងតែបើកកង់បីឥណ្ឌា ទើបមកពីស្រុកកំណើតនៅឯស្រុកកៀនស្វាយ មករកស៊ីនៅភ្នំពេញ សុខៗ ក៏ស្រាប់តែមានអាការៈមិនស្រួលខ្លួនដួលលើកង់បី ត្រូវបានអ្នកនៅក្បែរខាងបានឃើញ លើកចុះពីលើកង់បី ជួយធ្វើចលនាច្របាច់គក់សង្គ្រោះដែរ តែជួយបាន។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៤ នៅចំណុចក្បែរភ្លើងស្តុបស្ថានទូតចិន ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះដែលស្លាប់បាត់បង់ជីវិត មិនត្រូវបានក្រុមគ្រួសារប្រាប់អំពីឈ្មោះ និង អត្តសញ្ញាណឡើយ ដោយគ្រាន់តែបញ្ជាក់ថា មានអាយុប្រមាណជាជាង ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកគៀនស្វាយ ខេត្តកណ្តាល។
មុនពេលកើតហេតុ គេបានឃើញរូបគាត់បើកកង់បីឥណ្ឌាមួយគ្រឿង ព៌ណស ពាក់ស្លាកលេខ កណ្តាល១AI-៨០៩២ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ក្បែរភ្លើងស្តុបស្ថានទូតចិនកើតហេតុខាងលើ ក៏ស្រាប់តែដួលលើកៅអីក្នុងកង់បីរបស់គាត់។ ភ្លាមនោះ អ្នកនៅក្បែរខាង និងអ្នកដំណើរតាមផ្លូវ ក៏បានជួយលើកយកមកដាក់លើចិញ្ចើមផ្លូវ នាំគ្នាជួយធ្វើចលនាច្របាច់គក់ និងហៅរថយន្តសាមុយមកដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះដែរ តែជាអកុសលរូបគាត់បានដាច់ខ្យល់ស្លាប់ទៅហើយ។
ភ្លាមៗកម្លាំងមានសម្ថកិច្ចខណ្ឌបឹងកេងកង ក៏បានចុះមកដល់សហការជាមួយនិង កម្លាំងជំនាញកោសលវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រុំព័ទ្ធខ្សែរជុំវិញទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ បានបញ្ជាក់ថា បុរសជាអ្នករត់កង់បីឥណ្ឌា បានស្លាប់បាត់បង់ជីវិត ដោយសារតែគាំងបេះដូង (ខ្យល់គ) និងប្រគល់អោយក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅឯស្រុកកំណើតទៅតាមប្រពៃណី ៕ អែល មេសា