ខេត្តបាត់ដំបង៖ គិតអីប្អូនៗ ក្មេងសោះ ក្មេងខ្លះម៉ែឪប្រដៅលែងស្តាប់ ភ្លើតភ្លើន ពួកម៉ាកបងភឿន ពពាក់ពពូនគ្នាគ្មានដឹងយប់ថ្ងៃ រំខានគេឯង បង្កភាពអសណ្តាប់ធ្នាប់ក្នុងសង្គម ប្រៀបដូចក្រុមមមៀចមិនស្គាល់ភ្លើង ។ ជាក់ស្តែង ក្មេងទំនើង ប្រមូលផ្ដុំបក្សពួក ជិះម៉ូតូបង្កភាពអាណាធិបតេយ្យ ក្នុងក្រុងបាត់ដំបង ជិត៤០នាក់ឯណោះ ត្រូវបានសមត្ថកិច្ចបង្ក្រាប ។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០០និង៣០នាទី រហូតដល់វេលាម៉ោង ០៤:៥០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងក្រុមអន្តរាគមន៍បង្ការ-បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ចៀក ថានិន នាយកការិយាល័យកំរិតស្រាល បានចុះប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង ដែលប្រមូលផ្ដុំបក្សពួក ជិះម៉ូតូបង្កភាពអាណាធិបតេយ្យ ក្នុងក្រុងបាត់ដំបង ។
ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនមានគ្នាចំនួន ៣៥នាក់ នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ។
បច្ចុប្បន្ន កម្លាំងនគរបាលការិយាល័យកំរិតស្រាលបាននាំខ្លួនក្មេងទំនើងបង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង៣៥នាក់ ខាងលើយកមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើកិច្ចសន្យា និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញដើម្បីអប់រំបន្ត៕