កម្លាំងចម្រុះ ចុះពិនិត្យអគារចំនួន៣ មានបន្ទប់ស្នាក់នៅ១៩៥បន្ទប់ រកឃើញជនបរទេស ១៧២នាក់ មានទាំងអ្នកពាក់ព័ន្ធករណីបើកល្បែងស៊ីសងទៀត
សន្តិសុខសង្គម
233

ខេត្តព្រះសីហនុ ៖ យោងតាមផេកផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវសេន៍ បានឲ្យដឹងថា នាថ្ងៃទី០៩-១០ ខែមីនា ឆ្នាំ២០២៤

កម្លាំងគណៈកម្មការចំពោះកិច្ចបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការបង្រ្កាបល្បែងអនឡាញខុសច្បាប់ នៅចំណុច អតីតកាស៊ីណូ PARADISE ISLAND ស្ថិតនៅផ្ទះលេខ៣៤២ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យអគារចំនួន ៣ មានបន្ទប់ស្នាក់នៅចំនួន ១៩៥បន្ទប់ និងបន្ទប់ធ្វើការ ៣បន្ទប់ ជាលទ្ធផលរកឃើញជនបរទេសសរុបចំនួន ១៧២នាក់ (ស្រី ៤៣នាក់) មាន ៤សញ្ជាតិ។

ប្រតិបត្តិការនេះ ក្រុមការងារដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សម្រេចបញ្ជូនខ្លួនអ្នកគ្រប់គ្រងចំនួន ០៥នាក់(ស្រី ០២នាក់) មានសញ្ជាតិចិនតៃវ៉ាន់ ០៤នាក់ និងសញ្ជាតិចិន ០១នាក់ ដើម្បីបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីបើកល្បែងស៊ីសងខុសច្បាប់។

ដោយឡែក ចំពោះជនបរទេសចំនួន ១៦៧នាក់ (ស្រី ៤១នាក់) មាន ៣សញ្ជាតិ៖

-វៀតណាម ចំនួន ១០៩នាក់(ស្រី ១៧នាក់)

-ថៃ ចំនួន ៥៤នាក់ ( ស្រី ២៤នាក់)

-ចិនតៃវ៉ាន់ ចំនួន ០៤នាក់ ក្រុមការងារបានសម្រេចបញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តអនុវត្តតាមនីតិវិធី ៕


Telegram