រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈម្តាយឡើងទៅមើលកូនក្នុងបន្ទប់ បែរជាឃើញកូនស្រី ដែលប្រកបរបរជា អាជីវក បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័មបាត់ទៅហើយ ផ្អើលសមត្ថកិច្ចចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី ១១ ខែមិនា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលលេខ២៤៣ស្ទួន ផ្លូវលេខ៣៥៧ ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះ រ៉ាក់ យាប ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។
តាមរបាយការណ៍ពីសមត្ថកិច្ច ដែលTVFB ទទួលបាន បានឲ្យដឹងថា តាមការបំភ្លឺពីឈ្មោះ មិន យោគ ភេទស្រី អាយុ៦៨ឆ្នាំ ជាម្ដាយបង្កើតជនរងគ្រោះបានឲ្យដឹងថាគាត់ និងកូនស្រី ព្រមទាំងចៅចំនួន៣នាក់បានជួលផ្ទះស្នាក់នៅជុំគ្នា, មួយរយៈមកនេះកូនស្រីគាត់ តែងតែនិយាយប្រាប់ថាលក់ដូរមិនដាច់ ខាតដើមរាល់ថ្ងៃពិបាកចិត្តណាស់, ទើបគាត់ជាម្តាយនិយាយលួងលោមកូនស្រីកុំឲ្យគិតច្រើន។ លុះនៅយប់ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ កូនស្រីគាត់ ហូបបាយរួចក៏បានចូលទៅដេកនៅក្នុងបន្ទប់ខាងលើ, លុះនៅវេលាម៉ោងប្រហែល០៨ព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ ពុំទាន់ឃើញកូនចុះពីលើបន្ទប់ទៅលក់ដូរ ទើបគាត់ឡើងទៅមើល បើកទ្វារបន្ទប់ចូលទៅក្នុង ស្រាប់តែឃើញកូនស្រីគាត់ចង ក ដោយខ្សែភ្លើងជាប់នឹងចំរឹងដែកបង្អួច បាត់ទៅហើយ ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ថានភាពកន្លែងកើតហេតុ ពិនិត្យនៅក្នុងបន្ទប់មានគ្រែពូក១កម្ពស់៥០ស.ម, នៅជាប់នឹងគ្រែពូកមានសាកសពមនុស្សស្រីម្នាក់ ចង ក ដោយខ្សែចំណងខ្សែភ្លើងពណ៌ខ្មៅជាប់នឹងចំរឹងដែកបង្អួច ចុងជើងផុតពីឥដ្ឋការ៉ូប្រវែង១០ស.ម សាកសពស្លៀករ៉ូបដៃខ្លី និងស្លៀកខោជើងខ្លី, សាកសពមានសភាពរឹង, សាកសពកម្ពស់១,៦០ម ស្នាមជាំទ្រុឌនៅ ក ចាប់ពីក្រោយស្លឹកត្រចៀកស្ដាំចុះក្រោមព័ទ្ធមកមុខដល់ក្រោយស្លឹកត្រចៀកឆ្វេង១កន្លែង។
តាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារ ចង ក (អត្តឃាត) និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ