រាជធានីភ្នំពេញ ៖ យុវតីសិស្សសាលាអរុណវត្តី ៣នាក់ ជិះម៉ូតូចេញពីរៀនមិនពាក់មួកសុវត្ថិភាព បុករថយន្តសណ្តោងរ៉ឺម៉កពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យយុវតីវ័យ១៤ឆ្នាំម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកយុវតី២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១និង១១នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសពមានឈ្មោះ ឌិន សុធាវី អាយុ១៤ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី៨A នៃសាលាវិទ្យាល័យអរុណវត្តី មានទីលំនៅស្នាក់នៅភូមិសាមគ្គី សង្កាត់សំរោងត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯយុវតី២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ដោយរងរបួសធ្ងន់ទាំង២នាក់។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តសណ្តោងរម៉កមួយគ្រឿង ពាក់ផ្លាកលេខ ព្រះសីហនុ 4A-1069 បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ក្រោមផ្លូវស្ពានល្បឿនលឿន រថយន្តក៏បានបត់ឆ្វេងបម្រុងចូលចូលផែ ស្របពេលនោះក៏មានយុវតីសិស្សសាលាទាំង៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ពណ៌ ខ្មៅពាក់ផ្លាកលេខភ្នំពេញ1JK-0621 ជិះឌុបគ្នាពីទិសដៅស្របទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកកន្ទុយសណ្តោងរថយន្តពីក្រោយ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗម្នាក់នៅកន្លែងកើតហេតុ ចំណែកយុវតីដែលរួមដំណើរជាមួយគ្នា២នាក់ទៀត រងរបួសធ្ងន់ត្រូវបានដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ និងកម្លាំងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅវាស់វែង និងយករថយន្តនិងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពយុវតីរងគ្រោះខាងលើសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ មេសា