រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ធ្វើសកម្មភាព ជិះម៉ូតូឆក់ទូរសព្ទដៃ IPhone 11promax ត្រូវបានប្រជាពលរដ្ឋដេញតាមរហូតដួលម៉ូតូក្របួចកអាវចាប់ជាប់ គាប់ជួនសមត្ថកិច្ចមកដល់ចាប់ខ្លួនបានភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង ៤៥នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុច ផ្លូវលេខ៦០៨ ក្រុមទី១០១ ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ សមត្ថកិច្ចកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកក់២ បានធ្វើការបង្រ្កាបជាក់ស្តែង ពាក់ព័ន្ធនឹងករណី អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាក IPhone 11promax ) ដោយឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ កៅ វិសាល ហៅ វៀច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំ ផ្លូវលេខ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ដួលម៉ូតូខ្លួនឯងរបួសពេលជិះគេចខ្លួន) (មានសារធាតុញៀន)។
ក្នុងនោះ វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2018 ពាក់ផ្លាកលេខ ស្វាយរៀង 1M-8119 ដែលមានលេខតួនិងលេខម៉ាស៊ីន: ND125ME5417671(ជាម៉ូតូរបស់ជនសង្ស័យខាងលើ និងបក្ខពួកជិះធ្វើសកម្មភាពឆក់) ។
ចំណែក ជនរងគ្រោះឈ្មោះ គ ច ធ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (របួសជើងខាងឆ្វេង) ។
រីឯសំភារៈបាត់បង់៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក IPhone 11promax ពណ៌ទឹកសមុទ្រ (ជារបស់ជនរងគ្រោះដែលជនសង្ស័យខាងលើឆក់យក)។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ៕ មេសា