រាជធានីភ្នំពេញ ៖ ជាងផ្សារដែកម្នាក់ បានស្លាប់យ៉ាងអាសូរ ក្រោមកម្តៅថ្ងៃក្តៅហែង ក្រោយលើកដែកផ្សារដំបូលឲ្យគេ បែរជាឆ្លងចរន្តអគ្គិសនី ជាមួយខ្សែកាបស្រាត ឆក់ខ្លោចខ្លួនប្រាណ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង ១៥នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចការដ្ឋាន ដីឡូគ្មានលេខ ផ្លូវបេតុងព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងួន វៃ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងដែក សព្វថ្ងៃរស់នៅបន្ទប់លេខ ៤៨ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានស្រុកកំណើតនៅភូមិអូរ ឃុំបឹងបាត់កណ្តុរ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញកម្មករប្រុសស្រីជាច្រើននាក់ ធ្វើការតាមមុខងាររៀងខ្លួន ដោយជនរងគ្រោះ បានលើកដែក ទៅប៉ះនឹងស្រាតកាបស្រាត បណ្តាលឲ្យឆ្លងចរន្តឆក់ជនរងគ្រោះ នៅលើដំបូល ហើយក៏គ្មាននរណាម្នាក់ដឹងនោះដែរ ទាល់តែប្រជាពលរដ្ឋជាអ្នកលក់នៅក្បែរខាងនោះ បានឃើញ ក៏ស្រែកឲ្យនាំគ្នាជួយជនរងគ្រោះ ទម្លាក់គាត់ចុះមកក្រោម និងធ្វើចលនាសង្គ្រោះ និងប្រញាប់រាយការណ៍ទៅកាន់រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោ តែពេលគ្រូពេទ្យមកដល់បានព្យាយាមធ្វើចលនាបេះដូងជួយសង្គ្រោះជនរងគ្រោះដែរ តែមិនអាចជួយបាន ដោយបានបញ្ជាក់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយលើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ដង្កោ និងនគរបាលខណ្ឌដង្កោ រួមទាំងនគរបាលជំនាញផ្នែកកោសល្យវិច័យ បានចុះមកធ្វើការពិនិត្យសពនៅទីតាំងកើតហេតុបញ្ជាក់ថា ពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតមែន និងប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ