ខេត្តព្រៃវែង ៖ ហ្វូងសត្វស្លាប ពិសេសគឺសត្វននៀលខ្យង និងពពួកសត្វស្លាបផ្សេងទៀតជាច្រើនពាន់ក្បាល បាននាំគ្នាហោះហើរ មករកស៊ីចំណី បង្ហាញភាពស្រស់ស្អាត គួរជាទីគយគន់ ទស្សនា ។
លោកអ៊ំកសិករម្នាក់ ជាអ្នករស់នៅភូមិអារាច់ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានប្រាប់ TVFB ឲ្យដឹងថា សត្វទាំងនេះ ភាគច្រើនគឺជាសត្វននៀលខ្យង ខ្លះទៀតជាប្រភេទសត្វបក្សី ។ ជារៀងរាល់ថ្ងៃ គេឃើញសត្វទាំងនេះ រាប់ពាន់ក្បាល ច្រើនណាស់ តែងតែហោះហើរ មករកស៊ីចំណី ត្រី ខ្យង ជាប្រចាំ លុះក្បាលព្រលប់ ទើបសត្វទាំងនេះ ហើរទៅរកកន្លែងជម្រកអភិរក្សវិញ នៅចំណុចមាត់ទឹកស្នេហ៍ ហើយតែងតែបង្ហាញខ្លួនរៀងរាល់រដូវ មិនថារដូវវស្សា ឬរដូវប្រាំងនោះទេ ។
ទន្ទឹមនឹងនោះ លោកអ៊ំ ក្នុងនាមជាប្រជាពលរដ្ឋ ក៏សូមណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួម ថែរក្សា ការពារ អភិរក្ស ប្រភេទសត្វទាំងអស់នេះផង កុំហូប កុំសម្លាប់ ព្រោះជាប្រភេទសត្វដែលត្រូវអភិរក្ស ៕