ក្រសួងការងារ ជូនដំណឹង អំពីដំណោះស្រាយនៅរោងចក្រ Y&W GARMENT CO., LTD.
សន្តិសុខសង្គម
242

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ដំណោះស្រាយនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនកម្មករ និយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជ្រាបថា ក្រោយពី ទទួលបាននូវព័ត៌មានគួរឱ្យសង្ស័យនៃការរត់ចោលរបស់ថៅកែក្រុមហ៊ុន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរដែនដី បានធ្វើការប្រាស្រ័យទាក់ទង ជាមួយនឹងបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីផ្ទៀងផ្ទាត់នូវព័ត៌មាន តាម ឃ្លាំមើល វាយតំម្លៃជាប្រចាំអំពីស្ថានភាព និងការវិលត្រឡប់មកវិញរបស់ថៅកែក្រុមហ៊ុននេះ ហើយក៏បានកំណត់ ឱ្យក្រុមហ៊ុនប្រើប្រាស់ថវិកាដែលមាននៅក្នុងគណនីនានា បើកប្រាក់ឈ្នួលលើកទី១ នៃខែកុម្ភៈ ឆ្នាំ២០២៤ បាន។

អំឡុងពេលដែលក្រសួងខិតខំស្រាវជ្រាវ និងតម្រូវឱ្យគណនេយ្យករក្រុមហ៊ុនបើកប្រាក់ឈ្នួលលើកទី១ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួង និងគណនេយ្យករក្រុមហ៊ុននៅតែបន្តព្យាយាមទាក់ទងទៅថៅកែតាមគ្រប់ មធ្យោបាយ ប៉ុន្តែមិនអាចទំនាក់ទំនងបាន ហើយបានឈានដល់ការសន្និដ្ឋានថា ថៅកែក្រុមហ៊ុនរត់ចោល ដោយមិនទទួលខុសត្រូវបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិត។ ក្រោយការ សន្និដ្ឋាន មន្ត្រីជំនាញរបស់ក្រសួងបានសហការជាមួយស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី និងតំណាងកម្មករ និយោជិត ពិភាក្សារកនីតិវិធីដែលប្រសើរ និងលឿនបំផុត ស្របតាមនីតិវិធីច្បាប់ ដើម្បីដោះស្រាយបញ្ហានេះ។ ជាលទ្ធផល បងប្អូនកម្មករនិយោជិតប្រមាណជាង ៤ ៥០០នាក់ លើចំនួនសរុប ៤ ៨៤៩នាក់ នៃក្រុមហ៊ុន បានយល់ និងឯកភាពរង់ចាំដំណោះស្រាយទៅតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ ក៏មានបុគ្គលចំនួន ៥នាក់ អាចមាន ចេតនាផ្តល់ព័ត៌មានខុសការពិតដល់បងប្អូនកម្មករនិយោជិត ដែលជាហេតុធ្វើឱ្យបងប្អូនកម្មករនិយោជិតប្រមាណ ៣០០នាក់ មានការព្រួយបារម្ភអំពីការបាត់បង់អត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) និងអត្ថប្រយោជន៍ ផ្សេងៗរបស់ខ្លួន ក្នុងខណៈពេលដែលក្រសួង និងអាជ្ញាធរដែនដីកំពុងតែប្រចាំការនៅក្នុងទីតាំងរោងចក្រ ហើយក៏កំពុងស្វែងរកនីតិវិធីផ្សេងៗ ដើម្បីផ្តល់អាទិភាពការពារអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត មុនភាគីផ្សេងៗទៀត។

ករណីនេះ មានដំណោះស្រាយចំនួន ២ជម្រើស គឺទី១. អាចដោះស្រាយបានតាមច្បាប់ស្តីពីក្ស័យធន ដែលនីតិវិធីនេះត្រូវប្រើរយៈពេលយូរ និងទី២, អាចដោះស្រាយបានតាមរយៈការស្នើសុំដីកាសម្រេចរក្សាការពារ ដើម្បីរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន លក់ឡៃឡុងទុកសម្រាប់ ទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិតផងដែរ។ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រសួងបានស្នើសុំដីកាសម្រេចរក្សាការពារ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរឹបអូសទ្រព្យសម្បត្តិ

ទាំងអស់របស់រោងចក្រលក់ឡៃឡុង សម្រាប់ទូទាត់ជូនបងប្អូនកម្មករនិយោជិតមុនគេបំផុត ហើយ សាលាដំបូង រាជធានីភ្នំពេញបានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលេខ ១៦៦ “ថ” ដ.រ ចុះថ្ងៃទី១២ ខែមីនា

ឆ្នាំ២០២៤។

ដើម្បីជៀសវាងការបន្តបកស្រាយ និងពន្យល់ខុសណាមួយរបស់បុគ្គលទាំង ៥នាក់ ដែលបង្កើតឱ្យមាន ការយល់ច្រឡំ ឬការព្រួយបារម្ភដល់បងប្អូនកម្មករនិយោជិត ក្រសួងសូមបញ្ជាក់ថា៖

ទី១. សម្រាប់អត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិតនៅតែអាចទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ ប.ស.ស. ធម្មតា រហូតដល់រយៈពេល ៣ខែ។

ទី២. ទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗដែលនៅទីតាំងរោងចក្រនឹងត្រូវរក្សាទុកសម្រាប់ទូទាត់ជូនបងប្អូន កម្មករនិយោជិត។ ក្រសួងនឹងជូនដំណឹងដល់បងប្អូនកម្មករនិយោជិតជាសាធារណៈ នៅពេលដែលការលក់ ឡៃឡុងទ្រព្យសម្បត្តិរបស់រោងចក្រត្រូវបានកំណត់ថ្ងៃ។

ទី៣. ក្នុងខណៈពេលដែលបងប្អូនរង់ចាំនីតិវិធីលក់ឡៃឡុង ដើម្បីយកមកទូទាត់ជូនបងប្អូនកម្មករ និយោជិត ក្រសួងបានបញ្ជូនមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទៅផ្តល់ ការងារថ្មីភ្លាមៗជូនបងប្អូន ដើម្បីបងប្អូនអាចទទួលបានប្រាក់ខែបន្តភ្លាមៗ។

ទី៤. អាជ្ញាធរដែនដីក៏បានស្នើទៅដល់ម្ចាស់ផ្ទះជួលទាំងអស់ ឱ្យពន្យារពេលយកថ្លៃឈ្នួលផ្ទះ ក្នុង អំឡុងពេលរង់ចាំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & & ដាប់បែលយូ ហ្គាម៉េន។

ទី៥. ក្រសួងបាននិងកំពុងជូនដំណឹងទៅក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គស្នងការដ្ឋាន នគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីចាត់វិធានការតាមដែនសមត្ថកិច្ចរៀងៗខ្លួន ស្វែងរកបន្ថែមនូវ អាជីវកម្មរបស់ថៅកែក្រុមហ៊ុននេះ និងអាចឃាត់ខ្លួនក្នុងករណីថៅកែរូបនេះបង្ហាញមុខនៅក្នុងទឹកដីព្រះរាជាណា ចក្រកម្ពុជា។

ទី៦. ក្រសួងបាននិងកំពុងបំពេញនីតិវិធីច្បាប់ ដើម្បីបញ្ជូនដំណឹងអំពីដីកាតុលាការ ទៅដល់ប្រទេស កំណើតរបស់ថៅកែក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីឱ្យមកទទួលខុសត្រូវអនុវត្តកាតព្វកិច្ចផ្សេងៗ ដែលមាននៅប្រទេសកម្ពុជា។

អាស្រ័យដូចន័យខាងលើនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ឱ្យរក្សាភាពនឹងនរ និងចុះឈ្មោះស្វែងរកការងារថ្មី ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ហើយបន្តប្រើប្រាស់បណ្ណ ប.ស.ស. របស់ខ្លួនជាធម្មតា។

ក្រសួងក៏សូមរំឭកដល់បុគ្គលនានា សូមបញ្ឈប់ជាបន្ទាន់ចំពោះការស្រាយបំភ្លឺច្បាប់ខុស គ្មានវិជ្ជាជីវៈ ក្នុងចេតនាញុះញង់បងប្អូនកម្មករនិយោជិតឱ្យធ្វើសកម្មភាពខុសពីនីតិវិធីច្បាប់។ ក្រសួងមិនលើកលែងដល់ និយោជកណាដែលរត់ចោលរោងចក្រនោះឡើយ បើទោះបីជាបានរត់ទៅដល់ស្រុកកំណើតរបស់ខ្លួនក៏ដោយ។ ទន្ទឹមនឹងនេះ ក្រសួងក៏នឹងមិនលើកលែងដល់បុគ្គលទាំងឡាយណាដែលនៅតែបន្តមានះស្រាយបំភ្លឺច្បាប់ខុស និងញុះញង់បងប្អូនកម្មករនិយោជិតឱ្យធ្វើសកម្មភាពខុសច្បាប់ ៕


Telegram