រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង២៥ នាទី កម្លាំងការិយាល័យបានសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខយានដ្ឋានជួសជុលរថយន្ត BM Auto Garage ផ្លូវលេខ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ៖ រំលោភលើសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ស្រែខ្ញុំ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។
សូមបញ្ជាក់ថា ការចាប់ខ្លួននេះ អនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២៦២«ត»ដ.ច.ន ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញដោយលោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យមាន ឈ្មោះ ពៅ ហុងលីម ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត ទីលំនៅបច្ចុប្បន្នភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕