«ផៃ អញ្ជលី» ចូលមកបំភ្លឺ និងធ្វើលិខិតសុំអភ័យទោស បន្ទាប់ពីបានបង្ហោះផ្សព្វផ្សាយខ្លឹមសារ ដែលបង្កឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ
សន្តិសុខសង្គម
203

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ម្ចាស់គណនីហ្វេសបុកឈ្មោះ «ផៃ អញ្ជលី» ចូលមកបំភ្លឺ និងធ្វើលិខិតសុំអភ័យទោស បន្ទាប់ពីបានបង្ហោះផ្សព្វផ្សាយខ្លឹមសារ ដែលបង្កឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។

ក្នុងនោះ បន្ទាប់ពីសមត្ថកិច្ចក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើឲ្យម្ចាស់គណនីហ្វេសបុកឈ្មោះ «ផៃ អញ្ជលី» លុបចោលនូវការបង្ហោះផ្សព្វផ្សាយខ្លឹមសារ ដែលបង្កឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ និងស្នើឲ្យចូលបំភ្លឺជាមួយសមត្ថកិច្ចនៅការិយាល័យក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការជាកំហិតនោះ។

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ម្ចាស់គណនីហ្វេសបុកឈ្មោះ «ផៃ អញ្ជលី» បានមកអគ្គស្នងការដ្ឋាននគរបាលជាតិ បំភ្លឺ និងធ្វើលិខិតសុំអភ័យទោស ដល់ក្រុមការងារ Hotline Scam 24/7 និងថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះការបង្ហោះខ្លឹមសារខាងលើ និងសោកស្តាយជាខ្លាំងនូវទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តដោយអចេតនា ៕


Telegram