រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ០៣នាក់ ឌុបគ្នាមកធ្វើសកម្មភាព លួចម៉ូតូគេនៅវាលស្រែ លួចបានហើយកំពុងដោលជើងរត់ បែរជាម្ចាស់គេឃើញទាន់ ផ្តួលម៉ូតូចោលរត់ចូលក្នុងស្ទឹងព្រែកត្នោត តែស៊យត្រូវសមត្ថកិច្ចមកទាន់ទៀត ព័ទ្ធចាប់ខ្លួនបានម្នាក់ភ្លាមៗ ដោយឡែកបក្ខពួក២នាក់ទៀតរត់បាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចវាលស្រែ ផ្លូវលំ ស្ថិតនៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ធី ស្រីនិច ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែក ជនសង្ស័យឈ្មោះ អូន បូរ៉ាន់ ហៅ ពាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
ក្នុងនោះវត្ថុតាងចាប់យករួមមាន ៖
១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ1DH-3294 មានលេខតួ និងលេខម៉ាស៊ីន 9414534 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ)
២/សោខ្សៀលេខ៨ចំនួន០១
៣/ដែកសំប៉ែតចុងស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន០១
៤/ទូរស័ព្ទដៃម៉ាកណូគាចុចពិលចំនួន០២គ្រឿង ពណ៌ខ្មៅ០១គ្រឿង ពណ៌ផ្កាឈូក០១គ្រឿង (មិនដំណើរការ) ៥/កាបូបលុយពណ៌ខ្មៅចំនួន០១ (របស់ជនសង្ស័យ)។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៣០នាទី ជនរងគ្រោះនិងប្តីបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ1DH-3294 មា ឌុបគ្នាចេញពីផ្ទះ ស្ថិតនៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ទៅមើលម៉ាស៊ីនបូបទឹកដាក់ស្រែ នៅវាលស្រែខាងត្បូងភូមិហារ សង្កាត់ស្ពានថ្ម ខាងលើ ។ ពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូនៅលើភ្លឺស្រែក្បែរម៉ាស៊ីនបូមទឹក រួចជនរងគ្រោះ និងប្តីបានដើរមើលទឹកស្រែ និងដកស្មៅនៅក្នុងស្រែ ដែលមានចំងាយពីម៉ូតូប្រវែង១០០ម៉ែត្រ ។ រហូតដល់វេលាម៉ោង១៤និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានក្រឡេកមើលទៅម៉ូតូ ស្រាប់តែឃើញជនសង្ស័យឈ្មោះ អូន បូរ៉ាន់ ហៅ ពាវ កំពុងតែធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឃើញដូចនេះជនរងគ្រោះ និងប្តីក៏បានស្រែកឆោឡោថាចោរៗ និងស្ទុះរត់សំដៅទៅកន្លែងម៉ូតូ ហើយជនសង្ស័យបានឡើងជិះលើម៉ូតូដោលជើងទៅមុខបានចំងាយ៥០ម៉ែត្រ ជនសង្ស័យក៏បានផ្តួលម៉ូតូរត់គេចខ្លួនទៅក្នុងស្ទឹងព្រែកត្នោត ស្ថិតនៅភូមិហារខាងលើ ពេលនោះក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម ដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ បានជួយអន្តរាគមន៍ ធ្វើការឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យបានរួមនិងវត្ថុតាងតែម្តង។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកចំនួន០២នាក់ទៀត ទី០១ឈ្មោះ យ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ទី០២ឈ្មោះ សាត ភេទប្រុស អាយុ៣៦ឆ្នាំ ពិតជាបានជិះម៉ូតូ០១គ្រឿងម៉ាកស៊ីរ៉ូស ពណ៌ក្រហម មិនចាំផ្លាកលេខ ឌុបគ្នាមកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ