សិប្បកម្មផលិតសៀង ចំនួន០៣ទីតាំង នៅស្រុកសង្កែ ​ត្រូវសមត្ថកិច្ចចុះពិនិត្យ
សន្តិសុខសង្គម
137

ខេត្តបាត់ដំបង៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ដោយអនុវត្តតាមតួនាទីភារកិច្ច និងការចង្អុលបង្ហាញដោយច្បាប់ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យជាក់ស្តែងនៅសិប្បកម្មផលិតសៀង ចំនួន០៣ទីតាំង ស្ថិតនៅស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាលទ្ធផល ទីតាំងផលិតផលសៀង(ប្រៃ-ផ្អែម) ទាំង០៣នោះ ពុំមានភាពអនុលោមលើការដាក់ស្លាកសញ្ញានោះទេ។

ជាមួយគ្នានេះដែរ ក្នុងថ្ងៃខែឆ្នាំដដែល មន្ត្រីយើងបានចុះបន្តចុះត្រួតពិនិត្យទីតាំងផលិតទឹកពិសា ០១ទីតាំង ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដែលជាលទ្ធផលទឹកពិសា ចំណុះ ៣៣០ម.ល ៤៧០ម.ល ១០ល និង២០ល ពុំមានភាពអនុលោមលើស្លាកសញ្ញា គ្មានកាលបរិច្ឆេទប្រើប្រាស់ និងលក្ខខណ្ឌតម្រូវជាធរមាននោះទេ។

ជារួមមន្ត្រីជំនាញ បានធ្វើការណែនាំដល់ម្ចាស់សិប្បកម្មទាំងអស់ខាងលើ អំពីលក្ខខណ្ឌអនាម័យ ការដាក់ស្លាកសញ្ញាឱ្យបានត្រឹមត្រូវលើផលិតផលសម្រាប់មនុស្សបរិភោគ ជាពិសេសច្បាប់និងបទប្បញ្ញត្តិដែលមានជាធរមាន ក្នុងទិសដៅការពារកុំឱ្យមានហានិភ័យដល់សុខភាពអ្នកប្រើប្រាស់ និងតម្រូវឱ្យធ្វើកិច្ចសន្យាកែតម្រូវផងដែរ៕


Telegram