រាជធានីភ្នំពេញ៖ នារីដ៏ស្រស់ស្អាត២នាក់ ដែលជានិស្សិតស្រីទើបតែចេញពីរៀន ស្រាប់តែជិះម៉ូតូឡើងស្ពានក្នុងល្បឿនលឿន ជ្រុលទៅគូទរថយន្តធន់ធំចំពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងនៅលើស្ពានឧកញ៉ាលីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ វេលាម៉ោង៩យប់ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារី២នាក់ ជិះម៉ូតូម៉ាកប៊ីតមួយគ្រឿង ឌុបគ្នាឡើងមកលើស្ពានឧកញ៉ាលីយ៉ុងផាត់ ក្នុងទិសដៅពីលិចមកកើត មកដល់ចំណុចកើតហេតុ ក៏មានរថយន្តធុនធំដឹកថ្មមួយគ្រឿង ដែលខូចទុកចោលនៅលើស្ពាននោះតាំងពីព្រឹកមកម្ល៉េះ ដោយមិនដាក់ស្លាកសញ្ញាចរាចរណ៍សម្គាល់ឲ្យអ្នកដំណើរផ្សេងទៀតដឹងនោះទេ ទើបធ្វើឲ្យនារីរងគ្រោះទាំង២នាក់ ដែលកំពុងជិះលឿន ទៅបុកគូទរថយន្តធុនធំនោះពេញមួយទំហឹង ចំពីក្រោយ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ។
ភ្លាមនោះរថយន្តសាមុយបានធ្វើការដឹកនារីម្នាក់ដែលរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យសម្ដេចតេជោ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានធ្វើការវាស់វែងយកយន្តធំៗខាងលើ និងម៉ូតូទៅរក្សាទុកនៅឯស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធីច្បាប់។ ចំណែកឯសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ Mrr Ka