រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បាន ឃាត់ម៉ូតូចំនួន៩គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំង បំពងសម្លេង យ៉ាង អនាធិបតេយ្យតាមដងផ្លូវសាធារណៈ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ យកមករក្សាទុក និងធ្វើកិច្ចសន្យា បញ្ឈប់ការបំពាក់បំពង់ស៊ីម៉ាំងខុស លក្ខណៈបច្ចេកទេស តទៅទៀត។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ជាក់ថា ម៉ូតូទាំងនេះ កម្លាំងបានឃាត់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ក្រោយពីហៅមកអប់រំ ណែនាំ និងធ្វើកិច្ចសន្យា សមត្ថកិច្ចបានអោយត្រឡប់ទៅវិញនិងអោយធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពល្មើសខុសបច្ចេកទេស ទើបប្រគល់ត្រឡប់អោយទៅផ្ទះវិញ។
បច្ចុប្បន្នម៉ូតូទាំងអស់ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលឫស្សីកែវ ដើម្បីអនុវត្តទៅតាមនីតិវិធីបន្ត។
សូមបញ្ជាក់ថាកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់កំពុងព្យាយាមក្នុងការអន្តរាគមន៍និងបង្ក្រាបរាល់បទល្មើសនិងសកម្មភាពក្មេងទំនើងអុកឡុកនៅលើដងផ្លូវក៏ដូចជាសកម្មភាពក្មេងទំនើងកែបំពង់ស៊ីម៉ាំងម៉ូតូ បង្កភាពអនាធិបតេយ្យនិងរំខានអ្នកជិតខាងនៅលើដងផ្លូវ ដើម្បីយកមកអប់រំណែនាំក៏ដូចជាចាត់ការបន្តតាមនីតិពីច្បាប់។
ជាក់ស្ដែងកន្លងទៅ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមក្មេងទំនើងជាបន្តបន្ទាប់ និងក្មេងដែលកែបំពង់ស៊ីម៉ាំង ម៉ូតូ បង្កភាពរំខានដល់ប្រជាពលរដ្ឋ ។ ចុងក្រោយកម្លាំងសមត្ថកិច្ចសំណូមពរទៅដល់ក្មេងៗយុវជនមួយចំនួន សូមបញ្ឈប់រាល់សកម្មភាពអុកឡុក ឬបង្កភាពអាណាធិបតេយ្យនៅលើដងផ្លូវ បង្កើតជាក្រុមនៅលើដងផ្លូវ និងកែបំពង់ស៊ីមាំងម៉ូតូពីសំឡេងហ្សីនទៅជាសំឡេងលាន់ឮដូចរន្ទះ បង្ករផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ សូមបងប្អូនយុវជនក្មេងៗមួយចំនួនសូមបញ្ឈប់នូវរាល់សកម្មភាពបែបនេះបន្តទៀត៕ មេសា