ខេត្តបាត់ដំបង ៖ យោងតាមផេកផ្លូវការរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបាត់ដំបង បានឲ្យដឹងថា ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១១ និង១៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ ព័ត៍មានសន្ដិសុខ និងលោកវរសេនីយ៍ទោ សុខ សារិទ្ធ ប្រធានមន្ទីរស្រាវជ្រាវ ព័ត៍មានសន្ដិសុខ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង បានចុះបង្រ្កាបករណី ប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន ៖
១-ឈ្មោះ កាន់ យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
២-ឈ្មោះ សួង តារា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងនោះ ដកហូតវត្ថុតាង បានរួមមាន ៖
- មួកកាសស្កេតពណ៌ត្រេអ៉ី ០២
- សម្លៀកបំពាក់យោធាលេខ០៣ (០២កំប្លេរ)
- ខ្សែក្រវ៉ាត់យោធា ០១
- ឋានន្ដរស័ក្ដិ០២គូ
- គ្រឿងឥស្សរិយស ០២ផ្ទាំង
- ស្លាកឈ្លោះ ០១ស្លាក
- សញ្ញាអគ្គបញ្ជាការ ០២
- សញ្ញាកងយោធពលខេមរភូមិន្ទ ០២
- ស៊ីងកាំភ្លើងពាក់កអាវ ០២គូ
- សញ្ញាកងការពារព្រំដែន ០១ (ក្រណាត់)
- សេចក្ដីសម្រេចតែងតាំង ០២សន្លឹក
- លិខិតបញ្ជាបេសកកម្ម ០១សន្លឹក
- Laptob ០១គ្រឿង
- រថយន្ដ ០១គ្រឿង ម៉ាក់ហាយឡិនឌឺ ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៤ ស្លាកលេខ ភ្នំពេញ2AG-8425
- លិខិតធានាមិនទាន់បំពេញ ០៣សន្លឹក។
បច្ចុប្បន្ន ជនសង្ស័យខាងលើ និង វត្ថុតាង កំពុងចាត់ការតាមនីតិវិធីច្បាប់ ៕