ជិះរថយន្តស៊េរីទំនើប យកដុំថ្មគុំចូលហាងកាហ្វេមួយកន្លែង រួចចាក់សោរបង្ខំមនុស្សនៅខាងក្នុង បើករថយន្តចេញទៅបាត់ ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ច ទើបដឹងថាផ្តើមចេញពីរឿងជំពាក់លុយ
សន្តិសុខសង្គម
338

រាជធានីភ្នំពេញ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៣:១០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានទទួលព័ត៌មានតាមរយៈទូរស័ព្ទ ថានៅត្រង់ចំនុចហាងកាហ្វេយីហោ អ៉ិច ឌី អិល កាហ្វេ ស្ថិតនៅផ្ទះលេខអេស១១ ផ្លូវបេតុង ក្រុមទី២ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថាមានជនមិនស្គាល់ជិះរថយន្តម៉ាកលុចស៉ីស អិនអ៉ិច២០០តេ ពណ៌ស មកចាក់សោរហាងកាហ្វេរបស់គាត់ពីខាងក្រៅ ពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុភ្លាមៗ ហើយក៏បានជួបម្ចាស់ហាងកាហ្វេនៅខាងក្រៅផ្ទះ ហើយពិនិត្យឃើញថាពិតមានចាក់សោរទ្វារហាងកាហ្វេពីខាងក្រៅ និងខូចខាតម៉ាស៊ីនឆុងកាហ្វេបន្តិចបន្តួច ។

ឈ្មោះ ជួង ដាឡែន ម្ចាស់ហាងកាហ្វេបានដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវលេីករណីនេះ លុះដល់វេលាម៉ោងប្រហែល១៧:០០នាទី ថ្ងៃខែឆ្នាំដដែល ម្ចាស់ហាងកាហ្វេឈ្មោះ ជួង ដាឡែន បានទាក់ទងទៅកាន់ភាគីម្ខាងទៀតដែលបង្កបញ្ហា មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ដេីម្បីស្នេីសុំឲ្យសមត្ថកិច្ចធ្វើការសម្របសម្រួល និងបញ្ចប់រឿង។

បន្ទាប់ពីធ្វើការសាកសួរ ទើបដឹងពីមូលហេតុ ដោយម្ចាស់ហាងកាហ្វេឈ្មោះ ជួង ដាឡែន បានខ្ចីលុយពីឈ្មោះ អ៊ូ ណាឡា ចំនួន៤,០០០ដុល្លា ប៉ុន្តែមិនបានសងទៀតទាត់ដូចកិច្ចសន្យា ព្រោះដោយសារស្ថានភាពកូវីត ម្ចាស់ហាងកាហ្វេឈ្មោះជួង ដាឡែន បានផ្អាកអាជីវកម្មខ្លួនតាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ហើយពុំបានសងលុយទៅឈ្មោះអ៊ូ ណាឡា លុះដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣:១០នាទី ឈ្មោះ អ៊ូ ណាឡា និងកូនប្រុស ដែលជាម្ចាស់លុយ បានមកដល់ហាងកាហ្វេរបស់ឈ្មោះ ជួង ដាឡែន បានឃើញថាហាងកាហ្វេត្រូវបានបិទទ្វារ ហើយឈ្មោះ អ៊ូ ណាឡា បានទូរស័ព្ទទៅឈ្មោះ ជួង ថាឡែន ជាច្រើនលើក តែឈ្មោះ ជួង ដាឡែន មិនបានលើកទូរស័ព្ទ ទើបឈ្មោះអ៊ូ ណាឡា ជាម្ចាស់បំណុលមានចិត្តខឹង បានប្រើអោយកូនប្រុសឈ្មោះ សេន អាប់ឌុលហ្វារីត អាយុ២១ឆ្នាំ យកមេសោរ ទៅចាក់សោរទ្វារហាងកាហ្វេនោះពីខាងក្រៅ ហើយក៏បានបើករថយន្តចេញទៅបាត់តែម្តង។

បន្ទាប់ពីបានស្តាប់ហេតុផលរបស់ភាគីទាំងពីរ ហើយភាគីទាំងពីរ បានយល់ពីកំហុសរៀងៗខ្លួន ទើបឈ្មោះ ជួង ដាឡែន បានសុំដកពាក្យបណ្តឹងដើម្បីបញ្ចប់រឿង ត្រឹមប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង តែម្តង ៕ 


Telegram