រាជធានីភ្នំពេញ៖ ជនសង្ស័យជាចោរដៃស្អិតម្នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទពីស្ត្រីជនជាតិចិន បានសម្រេច ជិះរត់គេចខល្លួន តាំងពីរង្វង់មូលព្រះគម្លង់ រត់មកចូលវត្តឧណ្ណាលោម ត្រូវបានសមត្ថកិច្ចដេញតាមចាប់ប្រផាប់ប្រភីង ព័ទ្ធចាប់បានភ្លាមៗ បញ្ជូនទៅកាន់ប៉ុស្តិ៍ជ័យជំនះ ដើម្បីធ្វើការសាកសួរ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនបាននេះមានឈ្មោះ ផាន់ ពេជ្រ ពន្លឺ ភេទប្រុស មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។
សមត្ថកិច្ចបានបន្តថា ដំបូងឡើយជនសង្ស័យរូបនេះ បានជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម មកធ្វើសកម្មភាព ឆក់ទូរសព្ទដៃពីស្ត្រីជនជាតិចិនម្នាក់ ដែលកំពុងតែឈរថតរូប តាមដងផ្លូវ បានសម្រេចចេញពីចំណុចរង្វង់មូលព្រះគម្លង់ ហើយភ្លាមៗជនសង្ស័យរូបនោះបានជិះម៉ូតូរត់គេចខ្លួន ត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋ ស្រែកឆោឡោផ្អើលសល់សមត្ថកិច្ចមូលដ្ឋាន ដែលកំពុងចេញល្បាតបានឃើញដេញតាមប្រផាប់ប្រភីង រហូតមកដល់ចំណុចវត្តឧណ្ណាលោម ជនសង្ស័យក៏ជិះម៉ូតូគេចចូលក្នុងវត្ត ត្រូវសមត្ថកិច្ចតាមទាន់ ព័ទ្ធចាប់ខ្លួនបានភ្លាមៗតែម្តង បញ្ជូនមកកាន់ ប៉ុស្តិ៍រដ្ឋបាលនគរបាលជ័យជំនះ ដើម្បីធ្វើការសាកសួរ បន្ត។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីបញ្ជូនសំណុំរឿងបន្តទៅកាន់ តុលាការចាត់ការតាមច្បាប់បន្តទៀត។ ចំណែកទូរសព្ទដែលជនសង្ស័យឆក់បាន គឺត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅជនរងគ្រោះវិញហើយ ៕