រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខណៈទីតាំងបុរី ឌឹផ្ល រ៉ាស្វីត បានបុកគ្រឹះសាងសង់នៅការដ្ឋានរបស់ខ្លួន គួបផ្សំមានភ្លៀងធ្លាក់ខ្លាំងកាលពីម្សិលមិញ បណ្តាលឲ្យមានការបាក់ស្រុតផ្លូវ ត្រង់ចំណុចប្រពន្ធ័លូ ដែលមានទីតាំងនៅ ផ្លូវ៧១ កែងផ្លូវ៣៩២ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រងការខូចខាត ។
បើតាមទិដ្ឋភាពជាក់ស្តែង វេលាម៉ោង១០ និង៣០នាទីព្រឹកនេះ ត្រង់ចំណុចផ្លូវដែលរងការខូចខាតខាងលើ គឺត្រូវបានហ៊ុព័ទ្ធបិទជិត មិនអាចធ្វើដំណើរតាមទេ ដើម្បីរង់ចាំការជួសជុលឡើងវិញ។
ក្នុងនោះ បើតាមប្រភពព័ត៌មានពីសន្តិសុខម្នាក់ បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ទីតាំងបុរី ឌឹផ្ល រ៉ាស្វីត នេះ បានបុកគ្រឹះសាងសង់ប៉ុន្មានថ្ងៃជាប់គ្នាមកហើយ គួបផ្សំម្សិលមិញមានភ្លៀងធ្លាក់ខ្លាំង បូករួមទាំងបុកគ្រឹះបន្តទៀតផងនោះ ក៏បណ្តាលឲ្យដីហូរច្រោះ រហូតដីបាក់ស្រុតយកតែម្តង តែគ្មាននរណាម្នាក់ រងរបួសនោះទេ តែការបាក់ស្រុតនេះ គឺបាក់ស្រុងតាំងពីយប់ថ្ងៃទី៨ ខែសីហា ម្សិលមិញមកម្ល៉េះ ។
លោកអភិបាលខណ្ឌបឹងកេងកង បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ដែរថា ពាក់ព័ន្ធបញ្ហានេះ ម៉ោង២រសៀលនេះ ខាង ឌឹផ្ល រ៉ាស្វីត នឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះទៅធ្វើការជួសជុលនៅចំណុចដែលខូចនោះ។ ហើយចំពោះទីតាំងដែលបាក់ស្រុតនេះដែរ គឺនៅចំកន្លែងការដ្ឋានរបស់គាត់ ទោះគាត់មិនទទួលខុសត្រូវ ក៏អាជ្ញាធរត្រូវតែសហការជាមួយគ្នា ដើម្បីចុះទៅពិនិត្យនិងធ្វើទីតាំងដែលខូចនេះឡើងវិញ និងធ្វើយ៉ាងណា ស្វែងរកបច្ចេកណាដែលល្អជាមុន ក្នុងការទប់ប្រព័ន្ធនេះឲ្យបានល្អ (ដាក់សំឡេង) ៕