ខេត្តកណ្តាល ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ បានផ្ញើសារចូលក្នុងប្រអប់សារផេកហ្វេសប៊ុកស្នងដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារ ៖ សូមគោរពលោកស្នងការ ភោជនីយដ្ឋានឈ្មោះ ដើមឫស្សី ទីតាំងនៅថ្នល់ទទឹង បានលួចបើក KTV និងជួបជុំផឹកស៊ីយ៉ាងសប្បាយ ដែលបានល្មើសនឹងបម្រាមវិធានការរបស់ក្រសួងសុខាភិបាលខ្ញុំបាទជាប្រជាពលរដ្ឋនៅស្រុកអង្គស្នួល សូមជួយចាត់វិធានការដើម្បីចូលរួមទប់ស្កាត់វីរុស Covid 19 នៅកម្ពុជា ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល សូមធ្វើការបំភ្លឺឆ្លើយតបដូចខាងក្រោម ៖
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២០ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ទោ ផាច ផល្លា អធិការរង បានចុះដល់ទីតាំងភោជនីយដ្ឋានដើមឫស្សី មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ពិនិត្យ ឃេីញមានការបើកលក់ដូរធម្មតា ដោយគោរពតាមវិធានការរាជរដ្ឋាភិបាល និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល មានការរក្សាគម្លាតសុត្ថិភាព រក្សាអនាម័យមានប្រើអាល់កុលលាងសម្អាតដៃ ពាក់ម៉ាស់ ទទួល ភ្ញៀវ ចូលជាលក្ខណៈគ្រួសារមានគ្នាតិចតួច លក់ដូរដោយធ្វើការវេចខ្ចប់ ពុំមានការជួបជុំគ្នាច្រើនផឹកស៊ីច្រៀងរាំនោះទេ ។ ហើយសមត្ថកិច្ចបានធ្វើកិច្ចសន្យាជាមួយម្ចាស់ហាង ហាមមិនឲ្យធ្វើការលក់ដូរជួបជុំផឹកស៊ីឡើយ ត្រូវគោរពតាមវិធានការរាជរដ្ឋាភិបាល និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាប ៕