ឃើញខ្សែកាបមេស្រាត ដាច់ទុស្សេឆេះធ្លាក់មកខាងក្រោម ប្រញាប់យកបំពង់ពន្លត់អគ្គិភ័យមកបាញ់ បែរជាត្រូវខ្សែភ្លើងដែលមានចរន្តភ្លាត់គ្រវីចំ ឆ.ក់ស្លា.ប់.មួយរំពេច
សន្តិសុខសង្គម
352

រាជធានីភ្នំពេញ ៖ ផ្អើលទាំងព្រឹក ខណៈបុរសម្នាក់ជាកម្មករលើកអីវ៉ាន់ បានឃើញខ្សែកាបមេដាច់ធ្លាក់ឆេះ នៅខាងមុខផ្ទះលក់ចាប់ហួយ ក៏យកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ អកុសលបែរជាភ្លាត់ខ្សែភ្លើងដែលនៅមានចរន្តនោះ ចំជនរងគ្រោះឆក់ស្លាប់ភ្លាមៗមួយរំពេចតែម្តង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឡន រីន អាយុ១៧ឆ្នាំ មុខរបរជាកម្មករលើកអីវ៉ាន់ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

ប្រភពព័ត៌មាន ពីម្ចាស់ដេប៉ូ លក់ដូរខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងកម្មករ៣នាក់ទៀត បូករួមទាំងកូនប្រុសរបស់ម្ចាស់ដេប៉ូម្នាក់ បាននាំគ្នាជញ្ជូនឥវ៉ាន់ដាក់លើរ៉ឺម៉កដើម្បីដឹកទៅដាក់ឲ្យម៉ូយ ពេលនោះស្រាប់តែមានខ្សែកាបមេ ស្រាត បានដាច់ធ្លាក់មកខាងក្រោយ ដោយមានអណ្តាតភ្លើងឆាបឆេះថែមទៀត ទើបជនរងគ្រោះបានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែអកុសលបែរជាភ្លាត់ខ្សែភ្លើងដែលនៅមានចរន្តនោះ គ្របីចំជនរងគ្រោះឆក់ ឆេះខ្លោចខ្លួនស្លាប់ភ្លាមៗមួយរំពេចតែម្តង។ ចំណែកកម្មករនិង កូនម្ចាស់ដេប៉ូ ប្រមាណ៣នាក់ទៀត មិនមានរងរបួសនោះទេ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ គេឃើញមានខាងមន្ត្រីអគ្គិសនីកម្ពុជា ក៏បានចុះមកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យជុំវិញកន្លែងកើតហេតុ និងបិទប្រព័ន្ធភ្លើងផងដែរ ចៀសវាងមានគ្រោះថ្នាក់ថែមទៀត ដោយមានទាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័្ចយខណ្ឌដង្កោ បានចុះទៅពិនិត្យសពជនរងគ្រោះខាងលើ និងមានខាងគ្រូពេទ្យចុះមកយកសំណាកផងដែរ លទ្ធផលគឺអវិជ្ជមាន ទើបប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មេសា


Telegram