រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច របស់អធិការនគរបាលខណ្ឌមានជ័យ ចុះបិទទីតាំងផឹកស៊ីយីហោ « ផ្ទះឈើម្ហូបខ្មែរថៃ » ដោយឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលល្មើសវិធានរដ្ឋបាល និងវិធានសុខាភិបាល កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្នុងសង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការ ឯកភាព ខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងខាងលើ ដែលបើកទទួលភ្ញៀវចូលផឹកផឹកស៊ី ក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ១៩ បំពានវិធានរដ្ឋបាល និងវិធានសុខាភិបាល ក្នុងការទប់ស្កាត់កូវីដ១៩ ។
ទន្ទឹមនោះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ១៤ នាក់ ក្នុងនោះមានភ្ញៀវ៩នាក់ និងនារីនៅក្នុងហាង៥នាក់ទៀត ។ បន្ទាប់ពីឃាត់ខ្លួន មនុស្សប្រុសស្រីទាំងអស់ ត្រូវបានក្រុមគ្រូពេទ្យចុះមកយកសំណាក ដោយលទ្ធផល គឺអវិជ្ជមានទាំងអស់ ទើបសមត្ថកិច្ចធ្វើការកំណត់ហេតុ បិទទីតាំងហាងខាងលើ និងបញ្ជូនខ្លួនមនុស្សប្រុសស្រីទាំងនោះ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការសួរនាំ និងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕.