ខេត្តកណ្តាល ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណី «រត់គេចខ្លួន និងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស»។
ក្នុងនោះ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី ក្រុមចម្រុះរបស់អន្តរក្រសួង បានធ្វើការឃាត់រថយន្ត ប្រភេទបែនចំនួន០៤គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ។ ពេលនោះអ្នកបើកបរ រថយន្ត០១គ្រឿងម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1422 បានធ្វើសកម្មភាពស្រែកឡូឡា មកលើក្រុមត្រួតពិនិត្យ និងបានបែនដី ដាក់លើផ្លូវ ចំណុចភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល បន្ទាប់មកក៏បានបើករថយន្តរត់គេចខ្លួនបាត់ ដោយមិនឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យរថយន្តរបស់ខ្លួនឡើយ។
លុះមកដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដោយមានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌស្រាល និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សារ៉ា វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បើករថយន្ដដឹកដី មានទីលំនៅ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយដកហូតបានរថយន្ត០១គ្រឿងម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 3A-1422 ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ហើយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល លោក អាត ច័ន្ទដារា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ឈ្មោះ សារ៉ា វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកឡានដឹកដី បន្ទាប់ពីបុគ្គលរូបនេះ បើកឡាន ចាក់ដីបិទផ្លូវ បណ្ដាលឲ្យកកស្ទះចរាចរណ៍ នៅលើផ្លូវលេខ២០អា ក្នុងស្រុក កណ្ដា ល ស្ទឹង ខេត្ត កណ្ដាល កា លពីថ្ងៃព្រហស្បត្តិ៍ ព្រោះខឹងមន្ត្រីជំនាញចាប់ឡានរបស់ខ្លួន ដឹក លើស ទម្ងន់។
តាមដីការបស់ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា ជននេះត្រូវបានដាក់ ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «រត់គេចខ្លួន» ប្រព្រឹត្តនៅភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២១ ហើ យ បទល្មើសព្រហ្មទណ្ឌ ផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ ៕