បា.ត់ខ្លួ.នក្មេ.ងប្រុសម្នាក់២៤ម៉ោងរកមិនឃើញ ក្រុមជំនាញមុជទឹក២អង្គភាពនិងសមត្ថកិច្ចខេត្តព្រះសីហនុ មុជរាវរកក្នុងអាគារកាស៊ីណូទុកចោលមួយកន្លែង រកឃើញស.ព.ហើយនៅក្នុងបន្ទប់ជាន់ក្រោមបង្អស់ ដែលមានទឹកកម្ពស់ជាង ២ម៉ែត្រ
សន្តិសុខសង្គម
242

ខេត្តព្រះសីហនុ៖ ក្មេងប្រុសអាយុ១៤ ឆ្នាំ ដែលបានបាត់ខ្លួនកាលពីល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២១ នៅក្នុងអាគារកាស៊ីណូ ( ផ្អាកអាជីវកម្ម ) មួយកន្លែងឈ្មោះ ហ្កាន់ដាវ ក្នុងភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ គិតមកដល់វេលាម៉ោង៥ និង ១៥នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បានរកឃើញហើយ បន្ទាប់ពីកម្លាំងសមត្ថកិច្ច នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រួមជាមួយក្រុមជំនាញមុជទឹក របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងក្រុងអន្តរាគមន៍ពិសេស ៩១១ បានមុជទឹករាវរក ទាំងភ្លៀង ក្រោយបានបាត់ខ្លួនអស់រយៈពេល ២៤ម៉ោង ។

បើតាមប្រភពពីម្ដាយ ក្មេងដែលបាត់ខ្លួននេះឈ្មោះ ជូប បុប្ផា បានឲ្យដឹងថា ក្មេងប្រុសនេះមានឈ្មោះ ភឿង វេហា អាយុ ១៤ឆ្នាំ ជាកូនប្រុសទីមួយ ក្នុងចំណោមកូន៥នាក់ ដែលបានមករើសអេតចាយនៅម្ដុំឆ្នេរអូរឈើទាលជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃកើតហេតុកូនប្រុសរបស់គាត់បានមករើសអេតចាយជាមួយក្មេង៥នាក់ទៀត ប៉ុន្តែ បាត់តែកូនប្រុសរបស់គាត់មិនឃើញត្រឡប់ទៅផ្ទះដូចរាល់ថ្ងៃ នៅពេលសួរនាំក្មេងៗទើបដឹងថាកូនប្រុសរបស់គាត់បាត់ខ្លួនពេលកំពុងចូលរើសអេតចាយដែកចាស់ក្នុងកាស៊ីណូដែលផ្អាកអាជីវកម្មមួយនេះ។

ប្រភពពីក្មេងជំទង់ម្នាក់ ក្នុងចំណោម២នាក់ដែលស្ថិតក្នុងហេតុការណ៍ជាមួយក្មេងរងគ្រោះ បានបញ្ជាក់យ៉ាងច្បាស់ថា ជារៀងរាល់ថ្ងៃ ពួកគេតែងតែដើររើសអេតចាយនៅតាមតំបន់ឆ្នេរ ហើយនៅថ្ងៃកើតហេតុ ពួកគេក៏បានដើរចូលក្នងកាស៊ីណូទុកចោលមួយកន្លែង ហើយបានដើររើសកម្ទេចកម្ទីដែកចាស់ហើយក៏បានបបួលគ្នាចុះរាវដែកក្នុងទឹកបន្ថែមទៀត ក្នុងចំណោមក្មេងចំនួន៥ នាក់ស្រី ៣ ដោយពួកគេជាមនុស្សប្រុស បានដោះសំលៀកបំពាក់ចុះក្នុងទឹករាវដែក ឯក្មេងស្រីពុំបាននៅក្នុងកាស៊ីណូនេះទេ គឺដើរបែកទៅរើសកន្លែងផ្សេង នៅពេលចុះរាវពួកគេពីរនាក់បានច្រមុជទឹកចូលទៅក្នុងបន្ទប់ជាន់ក្រោម ហើយក៏បានលង់ទឹកទាំង២នាក់ តែនៅពេលនោះរូបគេបានស្ទុះទៅទាញដៃ អ្នកទាំង២ដែលកំពុងលង់ទឹក តែសំណាងអាក្រក់ទាញបានតែម្នាក់ក្នុងចំណោម ២ នាក់ បន្ទាប់មកក៏ចុះទៅស្រង់ម្នាក់ ទៀតតែរកពុំឃើញឡើយ។

ជុំវិញហេតុការណ៍នៃការបាត់ខ្លួនក្មេងប្រុសខាងលើ ប្រធានក្រុមជំនាញម្នាក់ របស់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឲ្យដឹងថា សពកុមារារងគ្រោះបានរកឃើញនៅក្នុងបន្ទប់ជាន់ក្រោមបង្អស់ ដែលមានទឹកកម្ពស់ជាង ២ម៉ែត្រ ដោយកប់ក្នុងគំនរសំរាម ហើយចំពោះមូលហេតុដែលបណ្ដាលឲ្យក្មេងប្រុសខាងលើនេះស្លាប់ គឺអាចបណ្ដាលមកពីកត្តាធំៗចំនួន២ គឺទី១ អាចបណ្ដាលមកពីការខ្វះខ្យល់អុកស៊ីសែន និងទី២ អាចបណ្ដាលមកជាតិពុល នៅក្នុងទឹកដែលបំលែងពីសំរាមដើរបង្កើតបានជាអុបតាន អាម៉ូញាក់ ទើបធ្វើឲ្យក្នុងកុមារដែលចុះទៅក្នុងទឹកនោះទន់ដៃទន់ជើងលង់ទឹកតែម្ដង។

ក្រោយការរកឃើញសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕


Telegram