រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ខណៈដែលក្មេងប្រុសមួយក្រុម មានគ្នា ៦នាក់ ជិះម៉ូតូ៣គ្រឿង បានមកអង្គុយលេងនៅដីឡូតិ៍ទុកចោលមួយកន្លែង ដែលមានស្រះទឹក ពោលជាកន្លែងអតីតរណ្តៅដី ដែលមានជម្រៅជ្រៅ ប្រមាណ៣០ម៉ែត្រឯណោះ រួចអត់ចេះហែលទឹកសោះ បែរជានាំគ្នាលេងហឹបទឹក អ្នកណាបានយូរជាង បែរជាលង់ម្តង៣នាក់ តែមិត្តដែលមកជាមួយគ្នាបោះឈើជួយទាញសង្គ្រោះឡើងគោកបាន២នាក់ ចំណែកម្នាក់ទៀតលិចបាត់ឈឹងតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្រះទឹក ជាអតីតរណ្តៅដី ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈម្តាយបានជួលអ្នកបង់សំណាញ់ និងអូសអួន រកសាកសពកូនប្រុសបណ្តូលចិត្ត ដែលម្តាយជាស្ត្រីមេម៉ាយ មានកូនតែម្នាក់ តាមរកអស់រយៈពេលជាច្រើនម៉ោង ធូបក៏អុជ ចេកក៏សែន ជាប់នឹងដើមអាកាស្យា សុំឲ្យសាកសពកូនឆាប់ផុសឡើង មកកូន រហូតដល់ម៉ោង ៥ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទើបសាកសពកូនប្រុសរបស់គាត់អណ្តែតឡើង ។
ម្តាយរបស់ក្មេងប្រុសដែលលង់ទឹកស្លាប់ខាងលើ បានឲ្យដឹងថា កូនរបស់គាត់មានឈ្មោះ ពៅ ម៉េង ហៀង អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយម្តាយដែលជាស្ត្រីមេម៉ាយនៅបន្ទប់ជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ហើយមុនពេលកើតហេតុ គាត់បានហាមកូនកុំឲ្យដើរលេង ព្រោះគាត់មានអារម្មណ៍មិនសូវល្អទាល់តែសោះ ដូចមានប្រថ្នូល រួចបានយកម៉ូតូទៅទុក តែបែរជាកូនលួចហៅមិត្តភក្តិឲ្យមកយក ជិះឌុបគ្នាដើរលេង រហូតមកស្លាប់បែបនេះទៅវិញ ទាំងមិនចេះហែលទឹកសោះ ។
ក្នុងនោះ បើតាមសម្តីរបស់ក្មេងជំទង់ផ្សេងទៀត ដែលជាមិត្តភក្តិមកជាមួយគ្នា បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា ៦នាក់ ជិះម៉ូតូ៣គ្រឿង បានចេញពីហូបអី ក៏ជិះម៉ូតូកាត់ដីឡូតិ៍មួយកន្លែង ដែលមានស្រះទឹក (អតីតរណ្តៅដី) មានខ្យល់ត្រជាក់ល្អ ក៏ជនរងគ្រោះបានបបួលមិត្តភក្តិទាំងអស់ ឈប់ម៉ូតូមកចូលអង្គុយលេងក្រោមដើមអាកាស្យា ប្របមាត់ស្រះខាងលើ ។ ពេលនោះជនរងគ្រោះក៏បបួលមិត្តភក្តិទាំងអស់ចុះហែលទឹក ដោយបាននាំគ្នាដោះអាវ ដោះស្បែកជើង រួចចុះលេងទឹកទាំងស្លៀកខោខៅប៊យ ហើយក៏ចុះលេងទឹកបន្តបន្ទាប់គ្នា ដោយជនរងគ្រោះបានបបួលមិត្តផ្សេងទៀតលេង ហឹបទឹក អ្នកណាហឹបបានយូរជាងគេ ទាំងដែលគេនោះមិនចេះហែលទឹកនោះទេ ស្រាប់តែលង់ទឹកម្តង៣តែម្តង តែពេលនោះត្រូវបានមិត្តភក្តិផ្សេងទៀត បោះឈើទាញឡើងគោក សង្គ្រោះបាន២នាក់ តែបែរជាបាត់ជនរងគ្រោះលិចបាត់ឈឹងតែម្តង ទើបមិត្តភក្តិម្នាក់ បានប្រញាប់ជិះម៉ូតូទៅប្រាប់ស្ត្រីជាម្តាយថា មីងកូនមីងឯង លង់ទឹកស្លាប់ហើយ រកសាកសពអត់ឃើញទឹ លិចបានក្នុងស្រះទឹកបាត់ហើយ ។
ប្រភពបន្តថា គ្រាន់តែភ្លាម ម្តាយបានប្រញាប់មកកន្លែងកើតហេតុ ខណៈដើមទ្រូងម្តាយជាស្ត្រីមេម៉ាយស្ទើរប្រេះបែក យំបោកខ្លួន អុជធូបសែនចែកសុំឲ្យឆាប់រកឃើញសពកូន ខណៈមានកូនតែម្នាក់គត់ បែរជាកូនអត់ចេះហែលទឹកសោះ បបួលមិត្តភក្តិនាំគ្នាលេងហឹបទឹកអ្នកណាបានយូរជាង លិចបាត់ឈឹងរកមិនឃើញ ម្តាយក៏បានជួលអ្នកបង់សំណាញ់ និងអូសអួន រកសាកសពកូនប្រុសបណ្តូលចិត្ត ជិត១៥ម៉ោង រហូតដល់ម៉ោង ៥ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ទើបសាកសពកូនប្រុសរបស់គាត់អណ្តែតឡើង ។
បើតាមអ្នកភូមិម្នាក់ ដែលរស់នៅទីនោះផ្ទាល់ និងជាអ្នកចូលរួមជួយមុជទឹករាវរកជនរងគ្រោះនោះ បាននិយាយថា កន្លែងស្រះទឹកនេះ មុនគឺជាអតីតរណ្តៅដី ដែលច្រាំងនៅកៀនៗ មានជម្រៅ ៥ទៅ៦ម៉ែត្រ ខណៈកណ្តាលស្រះទឹកនេះ មានជម្រៅរហូតដល់៣០ម៉ែត្រឯណោះ ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលកោសល្យវិច័យក្រុង បានធ្វើកំណត់ហេតុ និងធ្វើកោសល្យវិច័យទៅលើសាកសពបានឲ្យដឹងថា ពិតជាស្លាប់ដោយសារលង់ទឹកពិតមែន និងប្រគល់សាច់ញាតិឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕