ខេត្តកំពង់ស្ពឺ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ មួយបានកើតឡើង រវាងរថយន្តដឹកកម្មករ និងរថយន្តដឹកឥដ្ឋ បានបុកគ្នាពេញទំហឹង ផ្តាច់ជីវិតមនុស្ស ៣នាក់យ៉ាងរន្ធត់ ខណៈកម្មករចំនួន២៥នាក់ទៀត បានរងរបួសធ្ងន់ស្រាល ចំណែករថយន្តទាំង២គ្រឿង ខ្ទេចមើលសឹងលែងយល់ទៅហើយ បង្កការភ្ញាក់ផ្អើលខ្លាំងនៅវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤១ ក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក.4200.ភព3 អ្នកបើកបរឈ្មោះ ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅខេត្តកំពង់ចាម និងមានព្រូរថយន្ដម្នាក់ ឈ្មោះ យ៉ុន ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃសន្លឹក ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង (ជារថយន្តដឹកឥដ្ឋ) បើកបរពីត្បូងទៅជើង មកដល់ចំណុចខាងលើបានបុកជាមួយរថយន្ដម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1409 អ្នកបើកបរឈ្មោះ អ៉ឹម លន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (បើករថយន្តដឹកកម្មករកាត់ដេរ) ពេញទំហឹង បណ្តាលឲ្យមនុស្សក្នុងរថយន្តទាំង២គ្រឿង ដែលមានសរុប៣៥នាក់ ស្រី៣២នាក់។
ហើយក្នុងហេតុការណ៍នេះ មានអ្នករបួសសរុប ២៨នាក់ ស្រី២៤នាក់ ដែលជាកម្មករមានចំនួន២៥នាក់ ស្រី២៤នាក់ និងអ្នកបើកបររថយន្ដ០២នាក់ប្រុស ព្រូរថយន្ដ០១នាក់ប្រុស ហើយបណ្តាលឲ្យស្លាប់០៣នាក់ ក្នុងនោះមានស្រី០២នាក់ របួសធ្ងន់១៧នាក់ ស្រី១៥នាក់ និងរបួសស្រាល០៨នាក់ ស្រី០៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕