រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ខណៈក្មេងស្រីតូចម្នាក់ ដែរជាកូនបានស្រែកយំនៅក្នុងផ្ទះ រហូតអ្នកភូមិមានការងឿងឆ្ងល់ ក៏លួចទៅអើតមើលតាមបង្អួច ស្រាប់តែក្មេងតូចនោះ និយាយទាំងយំថា ជួយផងម៉ែខ្ញុំចងកស្លាប់ហើយ នៅម៉ោង៨ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ខាងក្រោយសាលាសង្កាត់ស្ទឹងមានជ័យទី២ ក្នុងបន្ទប់ជួលមួយកន្លែង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីខាងលើ មានឈ្មោះ សួង ស្រីគង់ ភេទស្រីអាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិស្ត្រីរងគ្រោះខាងលើ និងជាអ្នករស់នៅជិតបន្ទប់ជួលបានប្រាប់ក្រុមការងារ TVFB បានឲ្យដឹងថា ស្ត្រីខាងលើមានកូនប្រុសស្រីតូៗចំនួន២នាក់(ប្រុស១ស្រី១)រស់នៅក្នុងបន្ទប់ជួល។ ចំណែកប្តីរបស់គាត់យូរៗទើបមកលេងកូនប្រពន្ធម្តង ខណៈមកជួបប្រពន្ធម្តងៗ បុរសជាប្តីតែងតែរករឿងប្រពន្ធនិងកូនរហូត ។
សាច់ញាតិនិងអ្នកជិតខាង បន្តទៀតថា បុរសដែលជាប្តីជាអ្នកញៀនល្បែងទៀតផង ហើយប្តីប្រពន្ធទាំង២នាក់ខាងលើនេះរស់នៅមិនចុះសម្រុងនិងគ្នានោះទេ បុរសជាប្តីតែងតែមកសម្លុតប្រពន្ធយកលុយទៅលេងល្បែង បង្ហិនបង្ហោចទ្រព្យសម្បត្តិក្នុងគ្រួសារអស់រលីង ធ្វើឲ្យស្ត្រីជាប្រពន្ធទ្រាំនិងទង្វើប្តីលែង ចេះតែគ្រាំចិត្តរហូត លុះថ្ងៃកើតហេតុក៏ឃើញចងកស្លាប់បែបនេះតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងជំនាញខណ្ឌមានជ័យ រួមនិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពស្ត្រីខាងលើ បានឲ្យដឹងថា សពស្ត្រីខាងលើនេះពិតជាចងក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ មេសា