ចោរអស់លក្ខណ៍! ឡើងលើដំបូលផ្ទះគាស់ស័ង្កសី ចូលក្នុងហាងលក់កុំព្យូទ័រលួចយកMacBook ២គ្រឿង iPad ៥គ្រឿង និងឯកសារមួយចំនួនទៀតរត់គេចខ្លួន ត្រូវសមត្ថកិច្ចចាប់បានមកវិញពេលយកiPad ទៅបិទស្គ្រីននៅហាងមួយកន្លែង!
សន្តិសុខសង្គម
259

ខេត្តសៀមរាប ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ កែរ លុច ហៅបារាំង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ បើកឡានដឹកគ្រឿងសំណង់ បច្ចុប្បន្នរស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ពាក់ព័ន្ធករណី អំពើលួចមាន ស្ថានទម្ងន់ទោស (គាស់ទំលុះទំលាយ បទល្មើសជាក់ស្តែង) កាលពីវេលាម៉ោង០២និង៣០នាទី យប់ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលការងារព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា នៅវេលាម៉ោង០២និង៣០នាទីយប់ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទំលុះទំលាយ) បង្ករឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ឡើងលើដំបូលផ្ទះ គាស់ស័ង្កសី ចូលក្នុងហាងលក់កុំព្យូទ័រ របស់ជនរងគ្រោះ លួចយក កុំព្យូទ័រយួរដៃ ម៉ាក MacBook Pro ០១គ្រឿង MacBook Air ០១គ្រឿង iPad11 ០២គ្រឿង iPad Air4 ០១គ្រឿង iPad 8th ០១គ្រឿង iPad Pro 2020 ០១គ្រឿង កាបូបស្ពាយ០១ និងឯកសារ មួយចំនួន ក្រោយពេលធ្វើ សកម្មភាពហើយ ជនសង្ស័យ បានគេចខ្លួនបាត់។

លុះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ដោយបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ កែរ លុច ហៅ បារាំង ត្រង់ចំណុចហាងជួសជុលទូរស័ព្ទ ០១កន្លែងក្នុងភូមិវិហារចិន ដោយជនសង្ស័យ បានយក iPad របស់ជនរងគ្រោះទៅបិតស្គ្រីន យកមកធ្វើការសាកសួរ។

ក្នុងនោះ បើតាមចម្លើយសារភាព របស់ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។ ហើយរង្វង់ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖ កុំព្យូទ័រចំនួន ០២គ្រឿង iPad ចំនួន ០៥គ្រឿង ដែលជារបស់ជនរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តនីតិវិធីបន្ត ៕


Telegram