ខេត្តតាកែវ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ក្រុមចោរ២នាក់ ធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូមួយគ្រឿង ពីក្មេងអាយុ១១ឆ្នាំ ម្នាក់បានសម្រេចហើយជិះរត់គេចខ្លួនបានតែមួយថ្ងៃ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ធ្វើការចាប់ឃាត់ខ្លួនបានមកវិញ ។
ករណីស្ទាក់វាយប្លន់នេះ បានកើតឡើងនៅម៉ោង១២ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នៅចំណុចត្រពាំងគង ស្ថិតក្នុងភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ និងចាប់ខ្លួនបាននៅវេលាម៉ោង៣ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ដដែល។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពស្ទាក់វាយយកម៉ូតូមួយគ្រឿង ធុនសេ១២៥ ស៊េរីឆ្នាំ ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 1HQ- 5116 របស់ជនរងគ្រោះមានឈ្មោះ ងិល វិន អាយុ ១១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ពេលធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូម្នាក់ មួយគ្រឿង ជិះគេចខ្លួនបាត់ពីកន្លែងកើតហេតុ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចេញល្បាតពួនស្ទាក់គ្រប់ច្រកល្ហក ប្រើប្រាស់គ្រប់មធ្យោបាយ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀល កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ហួរ ភេទប្រុសអាយុ ១៩ឆ្នាំ នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ ០១គ្រឿង ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខតាកែវ 1E-9905 ជាមធ្យោបាយជិះធ្វើសកម្មភាព ។ រីឯបក្ខពួកម្នាក់ទៀតមានឈ្មោះ សេក ឡុង ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត (ជនដៃដល់) បានយកម៉ូតូជនរងគ្រោះគេចខ្លួនបាត់ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត ៕