ទំនាស់រឿងខ្ចីលុយ២០០ដុល្លារ ភាគីខាងអ្នកខ្ចី នាំគ្នាកាន់ដាវស៊ាំម៉ូរ៉ៃមករកកា.ប់ស.ម្លា.ប់ម្ចាស់លុយដល់ផ្ទះ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
សន្តិសុខសង្គម
473

ខេត្តកណ្ដាល ៖ សមត្ថកិច្ចស្រុកស្អាងធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ ខណៈបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ក្រោយទាស់ពាក្យសម្តីគ្នារឿងខ្ចីលុយ២០០ដុល្លារ ស្រាប់តែភាគីអ្នកខ្ចីលុយគេនោះ កាន់ដាវស៊ាំម៉ូរ៉ៃ រកកាប់សម្លាប់ភាគីម្ចាស់លុយថែមទៀត កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង ម៉ៅ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

ចំណែកជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះ អាត គីមហ៊ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ឃាត់ខ្លួនបាន) និងទី២-ឈ្មោះ កូ សុភា ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡំប្រឺតា (រត់គេចខ្លួន)។ ទាំង២នាក់ ស្នាក់នៅក្នុងភូមិខាងលើ ដកហូតបាន ដាវ ចំនួន៣ដើម ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ឈ្មោះ កូ សុផល បានទៅខ្ចីលុយពីឈ្មោះ សេង ម៉ៅ ចំនួន២០០ដុល្លារ ដោយបានកំណត់ថ្ងៃខែសងវិញត្រឹមត្រូវ ។ លុះក្រោយមកឈ្មោះ កូ សុផល មិនបានសងលុយតាមកាលកំណត់នោះទេ ដោយបានពន្យារពេលជាបន្តបន្ទាប់ ហើយបន្ទាប់មកទៀត ក៏បានសន្យាសងប្រាក់ទៅកាន់ជនរងគ្រោះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ជនរងគ្រោះជាម្ចាស់លុយ និងប្រពន្ធក៏បានទៅទារលុយពីឈ្មោះ កូ សុផល មុនការកំណត់ក៏បង្កជាជម្លោះពាក្យសម្ដីគ្នាទៅវិញទៅមក។ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឈ្មោះ កូ សុផល ក៏បានសងលុយចំនួន២០០ដុល្លារ ទៅឱ្យម្ចាស់លុយ គ្រប់ចំនួន ។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច ស្រាប់តែឈ្មោះ កូ សុភា ត្រូវជាប្អូនឈ្មោះ កូ សុផល និងឈ្មោះ អាត គីមហ៊ បានជិះរ៉ឺម៉កម៉ូតូមកផ្ទះជនរងគ្រោះ ដោយមានកាន់ដាវនៅនឹងដៃចំនួន៣ដើម ហើយបានស្រែកគំរាមចង់កាប់សម្លាប់ទៅលើម្ចាស់លុយ និងប្រពន្ធ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ហើយជនរងគ្រោះក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ។

ក្រោយពេលទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះហើយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ អាត គីមហ៊ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធី ខណៈជនសង្ស័យឈ្មោះ កូ សុភា បានរត់គេចខ្លួនបាត់៕ អគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram