រាជធានីភ្នំពេញ ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកសុខៗស្រាប់តែបែកទុយោខ្យល់ហ្វ្រាំង ខណៈកំពុងបើកបរមកដល់ចំណុចឈប់ស្តុប ពណ៌ក្រហម ជាន់ហ្វ្រាំងមិនស៊ី ទាញចង្កូតគេចឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកដើមឈើបាក់អស់មួយដើម កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ លើមហាវិថីឈ្នះឈ្នះ ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា តៃកុងរថយន្តមាន មុខរបរបើករថយន្តក្រឡុកស៊ីម៉ង់។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿង ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-0647 បើកបរដោយបុរសម្នាក់ឈ្មោះ ស៊ីវ៉ា អាយុ៤៥ឆ្នាំ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ពីលិចទៅកើត ខណៈបើកសុខៗស្រាប់តែបែកទុយោខ្យល់ហ្វ្រាំង ជាន់ហ្វ្រាំងមិនស៊ី ទាញចង្កូតគេចឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកដើមឈើបាក់អស់មួយដើម ទៅមុខលែងរួចតែម្តង តែសំណាងណាស់គ្មាននរណាម្នាក់ រងរបួសនោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងបានយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕