រាជធានីភ្នំពេញ ៖ កម្មករ៣នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅជួយសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានឡើងដាក់ស្លាកប៉ាន់ណូ ត្រូវខ្យល់បក់បោកទៅប៉ះខ្សែរភ្លើងបណ្ដាលអោយឆ្លងចរន្តឆក់ កាលពីវេលាម៉ោង៣នឹង៣០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដាយផ្លូវ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ មានឈ្មោះ ចយ សីហា អាយុ២៩ ឆ្នាំ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ , ទី២មានឈ្មោះ សារ ទីពូ អាយុ២៥ ឆ្នាំស្នាក់នៅជាមួយគ្នា និងទី៣ មានឈ្មោះ មុខ ឧត្តម អាយុ២៩ ឆ្នាំ ស្នាក់នៅជាមួយគ្នា ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្រុមកម្មករមានគ្នា៥ទៅ៦នាក់ ចុះពីលើរថយន្តម៉ាក KAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2P-1650 ដែលដឹកស្លាកប៉ានណូនឹងសម្ភារៈមកតម្លើងស្លាកប៉ាន់ណូនៅកន្លែងកើតហេតុខាងលើ ខណ:ដែលក្រុមកម្មករលើកស្លាកឡើងដាក់បញ្ចូលស៊ុម ក៏មានខ្យល់បក់បោកប៉ើងស្លាកទៅប៉ះនឹងខ្សែភ្លើងបណ្ដាលឆ្លងចរន្តឆក់កម្មកររបួសធ្ងន់ស្រាល៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជួយសង្រ្គោះភ្លាមៗ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ត្រួតពិនិត្យកន្លែងកើតហេតុនឹងឃាត់រថយន្តយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលចាក់អង្រែលើផងដែរ ៕ មេសា