រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ច កាលពីវេលាម៉ោង ៤ និង ៤៥ នាទីល្ងាចថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងពីជនរងគ្រោះបានហើយជិះរត់ តែត្រូវជនរងគ្រោះដេញពីក្រោយស្រែកចោរៗ ដួលម៉ូតូ រួចរត់ចូលបេនរថយន្តមួយកន្លែង។ ឯបក្ខពួក៣ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ វិចិត្រ អាយុ១៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំស្ពានដែកចំការដូង ក្នុងខណ្ឌមានជ័យ ។
ក្នុងនោះ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នារីជនរងគ្រោះបានជិះម៉ូតូហុងដាឌ្រឺមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០០៦ ឈប់និយាយទូរស័ព្ទ និងចុះទិញអីវ៉ាន់នៅខាងក្រោយមន្ទីពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណៈនោះ ស្រាប់តែលេចមុខជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ូតូ១គ្រឿងជិះគ្នា២នាក់ រួមមាន ម៉ាកស៊ុយសាគីនិច មិនចាំស្លាកលេខ ។ រីឯ២នាក់ទៀត ជិះម៉ូតូ១គ្រឿងម៉ាកហុងាឌ្រីមសេ១២៥ មិនចាំស្លាកលេខដូចគ្នា បានធ្វើសកម្មភាពឆក់ទូរសព្ទមួយគ្រឿងម៉ាក IPhone X មួយគ្រឿង បានសម្រេច ។
ប្រភពដដែលបន្តថា បន្ទាប់ពីធ្វើសកម្មភាពឆក់រួចមក ជនសង្ស័យទាំង៤ នាក់បានជិះម៉ូតូទាំង២គ្រឿង រត់គេចខ្លួន តែត្រូវបានជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងដេញតាមក្រោយ ស្រែកចោរៗផ្អើលពេញផ្លូវម៉ៅសេទុង រហូតដល់ចំណុចមុខក្រុមហ៊ុនរិទ្ធមុនីដឹកអ្នកដំណើរ ក៏ត្រូវបានប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុប ជួយដេញតាមធាក់ដួលម៉ូតូបក្ខពួកជនសង្ស័យ ម៉ាកហុងដាឌ្រីមសង់សេ១២៥ ដួលធ្លាក់អ្នកជិះពីក្រោយ ហើយត្រូវបានប្រជាពលរដ្ឋចាប់ក្របួចបានជនសង្ស័យខាងលើ វាយម្នាក់មួយដៃមួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ច ។ ចំណែកឯជនសង្ស័យ ៣នាក់ទៀតជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន បញ្ជូនខ្លួនទៅសួរនាំនៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕