រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានទួញយំ មានវិបត្តិតូចចិត្តរឿងគ្រួសារ ដាច់ចិត្តមកដើរឡើងលើស្ពានជ្រោយចង្វារ បម្រុងហក់ទឹកសម្លាប់ខ្លួន តែត្រូវបានសមត្ថកិច្ចប្រចាំការបានឃើញ ចូលទៅឃាត់ និងលួងលោមណែនាំកុំឲ្យធ្វើបែបនេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ លើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមសម្ដីស្រ្តីដែលចង់សម្លាប់ខ្លួនបានឲ្យដឹងថា គាត់បានសុំដកទូរសព្ទពីកូនប្រុស យកមកទុក តែកូនប្រុសគាត់មិនឲ្យ ដោយជាប់និយាយទូរស័ព្ទជាមួយសង្សារ គាត់ជាម្តាយក៏ខឹង ហើយដើរទៅនិយាយជាមួយនឹងប្ដី តែប្ដីរបស់គាត់ក៏មិននិយាយរក ទើបគាត់គិតខ្លី ហើយប្រាប់កូនៗថា ម៉ាក់នឹងទៅបញ្ចប់ជីវិត តែកូនមានស្នេហា ម្ដាយនិយាយមិនស្ដាប់ លុះដល់ម៉ោង១០យប់ ស្ដ្រីខាងលើក៏ដើរចេញពីផ្ទះនៅម្ដុំផ្សារតូចទួលសង្កែ មកដល់លើស្ពានជ្រោយចង្វាបម្រុងលោតទឹក តែត្រូវបានកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វាឃាត់ទាន់ រហូតក្រុមការងារ TVFB ធ្វើការផ្សព្វផ្សាយ ទើបរកសាច់ញាតិនិងកូនៗបានឃើញ ក៏មកទទួលម្តាយ ដោយបានលុតជង្គង់ក្របសំពះសុំទោសម្តាយ ទើបយកគាត់ទៅផ្ទះវិញ ៕