រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានរថយន្តកុងតឺន័រ កិនខ្ទេចក្បាលធ្លាយខួរយ៉ាងរន្ធត់ ខណៈត្រូវបានប្រជាពលរដ្ឋឲ្យដឹងថា បានឃើញបុរសរូបនេះ ជិះម៉ូតូលឿនមិនប្រយត្ន័ ទៅបុកចំពាក់កណ្តាលរថយន្តកុងតឺន័រ ដែលកំពុងបត់ឆ្លងចូល ហើយក៏ដួលចូលក្រោយកង់រថយន្ត ត្រូវរថយន្តកិនស្លាប់តែម្តង កាលពីវេលាម៉ោង ៩ និង២០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៣ ជាប់វិទ្យាល័យពងទឹក ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហ៊ុន សាន្តម៉ៅ ភេទប្រុស អាយុជាង២០ឆ្នាំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រ មួយគ្រឿង ក្បាលពណ៌ត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ 3E- 7550 បើកបរដោយបុរសម្នាក់ ចេញពីក្រុមហ៊ុនអិលវ៉ាយ ស៊ីឡូជីស្ទិក និងត្រេនស្ពត ឯ.ក ក្នុងទិសដៅពីត្បូងមកជើងឡើងផ្លូវជាតិលេខ៣ បម្រុងបត់ឆ្វេង ខណៈបត់ដល់ពាក់កណ្តាលផ្លូវទៅហើយ ក៏មានបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាទ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1V-6531 តាមបណ្តោយផ្លូវជាតិលេខ៣ ពីលិចមកកើតក្នុងល្បឿនលឿន បុកចំពាក់កណ្តាលរថយន្តកុងតឺន័រ បណ្តាលឲ្យចូលក្រោមកង់រថយន្ត កិនខ្ទេចក្បាលម៉ត់ធ្លាយខួរយ៉ាងរន្ធត់ យ៉ាងអាណោចអាធ័ម ហើយភ្លាមៗអ្នកបើកបររថយន្តនោះ បានចុះពីលើរថយន្តចុះគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕