រាជធានីភ្នំពេញ ៖ មហាជនច្បាស់ជានៅចាំ ករណីលោកអនុសេនីយ៍ឯក អ៊ុន សំអាត នាយរងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបានដកកាំភ្លើងបាញ់ឆ្កែ ចំនួន៤គ្រាប់ទាំងយប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីក្នុងខែឧសភា ឆ្នាំ២០២១ កន្លងទៅ។
រហូតមកទល់ពេលនេះ យោងតាមលិខិតប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ២០៣២ ប្រ.ក ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ដែលមានការចុះហត្ថលេខា និងត្រា សម្ដេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ បានសម្រេច ៖
-ប្រការ១. ត្រូវបានអនុវត្តវិន័យចំពោះអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ ៦៥១៤៤ នាយរងផ្នែកនគរបាល យុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណុះស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
-ប្រការ២. ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវកាត់ផ្ដាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។
-ប្រការ៣. បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះទុកជានិរាករណ៍។
-ប្រការ ៤. អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋាន បុគ្គលិក ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមបញ្ជាក់ថា ក្នុងនោះ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលផុសកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ និង៤៤នាទី កន្លងទៅបានឲ្យដឹងថា ករណីមន្រ្តីនគរបាលម្នាក់យកកាំភ្លើងបាញ់ឆ្កែចំនួន៤គ្រាប់ ដោយខឹងឆ្កែដេញខាំ បណ្តាលឲ្យប្រជាពលរដ្ឋនៅក្បែរនោះភិតភ័យ។
ក្រោយពីទទួលបានព័ត៌មានករណីខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យផែនការងារធនធានមនុស្សដែលមានការិយាល័យបុគ្គលិកជាសេនាធិការ បានចុះស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ផ្អែកតាមការចុះស្រាវជ្រាវរបស់ការិយាល័យបុគ្គលិក និងផ្អែកតាមកំណត់ហេតុរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានបញ្ជាក់ឲ្យដឹងថា៖
មន្រ្តីនគរបាលដែលបានយកកាំភ្លើងបាញ់ឆ្កែនោះ គឺលោកអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ ៦៥១៤៤ អាយុ៣៥ឆ្នាំ ជាមន្រ្តីនៅការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ដែលបានប្រើប្រាស់កាំភ្លើងខ្លី ០១ដើម (ប្រើខ្យល់) ម៉ាក PIETRO BERTTA លេខ J59931 FH មានគ្រាប់ជ័រពណ៌សតូចៗ ០៨គ្រាប់ បាញ់អស់០៣គ្រាប់ នៅសល់០៥គ្រាប់។
តាមការបំភ្លឺពីលោកអនុសេនីយ៍ឯក អ៊ុន សំអាត បានឲ្យដឹងថា៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣០នាទី លោកបាននាំប្រពន្ធ និងកូនទៅលេងផ្ទះម្តាយបង្កើតនៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ហើយបានជិះម៉ូតូតែម្នាក់ឯងគោលបំណងទៅយកក្មួយ មកញាំនំនៅផ្ទះម្តាយ លុះពេលជិះដល់មុខផ្ទះរបស់ឈ្មោះ ភា ដែលជាកន្លែងលក់ទឹកត្នោតជូរ ស្រាប់តែមានឆ្កែពីរក្បាលរត់មកខាំជើងរបស់លោក អ៊ុន សំអាត តែមិនមុត លោកក៏ជិះម៉ូតូទៅផុតទៅ។ មួយសន្ទុះក្រោយមកលោកជិះម៉ូតូមកវិញដល់ចំណុចមុខផ្ទះឈ្មោះ ភា ដដែល ស្រាប់តែឆ្កែនោះរត់មកខាំជើងលោកម្តងទៀតតែមិនមុតដោយសារពាក់ស្បែកជើងឃ្លុប។ ពេលនោះលោកបានស្រែកតែម្ចាស់ឆ្កែធ្វើមិនដឹង មិនបានឃាត់ឆ្កែទេ ទើបលោកខឹង បានជិះម៉ូតូទៅយកកាំភ្លើងខ្លីប្រើខ្យល់ បាញ់គ្រាប់ជ័រពណ៌សតូចៗ សៀតនៅចង្កេះជិះម៉ូតូកាត់មុខផ្ទះនោះម្តងទៀត ស្រាប់តែឆ្កែនោះរត់មកខាំទៀត ទើបលោកដកកាំភ្លើងបាញ់សំដៅឆ្កែចំនួនបីគ្រាប់ តែមិនត្រូវទេ។
បច្ចុប្បន្ន លោកអនុសេនីយ៍ឯក អ៊ុន សំអាត កំពុងត្រូវបានសួរនាំ រួមជាមួយកាំភ្លើងខ្លី០១ដើម គ្រាប់ជ័រពណ៌សតូចៗ ០៥គ្រាប់ ត្រូវបានដកហូត នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចពីក្រុមប្រឹក្សាអនុវត្តវិន័យ។ ហើយរហូតមកទល់ពេលនេះ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុវត្តវិន័យ ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ហើយ៕