រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចតុមុខ បានចេញអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដោយឃាត់ខ្លួនបានក្មេងស្ទាវ៣នាក់ ក្រោយឃើញសមត្ថកិច្ចជិះរត់ ខណៈមានករណីក្មេងស្ទាវទាំងនេះ កាប់ប្រហារម៉ូតូមួយគ្រឿង ដែលជនរងគ្រោះជាម្ចាស់ម៉ូតូបានឲ្យដឹងថា បន្ទាប់ពីកាប់ ពីគេស្រែកថា អញBlack Boy ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្រោយផ្សារទំនើប ផេនសល ក្នុងសង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ។
បើតាមសម្តីរបស់នារីម្នាក់ ដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុ នាងនិងមិត្តភក្តិស្រី បានឈប់ម៉ូតូអង្គុយលេង នៅចំណុចខាងលើ ខណៈនោះ ស្រាប់តែមាន ក្មេងស្ទាវមួយក្រុម ប្រដាប់ដោយដាវសាម៉ូរៃ និងកាំបិត ប៉័ងតោ បានចុះទៅកាប់ពួកគេដែលកំពុងអង្គុយលេងជុំគ្នាតែម្តង បង្កការភ្ញាក់ផ្អើល និងភិតភ័យខ្លាំងរត់ចោលម៉ូតូចែកជើងគ្នា ដោយក្មេងស្ទាវទាំងនោះ កាប់បានតែម៉ូតូប៉ុណ្ណោះ ហើយស្រែកថា « អញ Black Boy» រួចជិះរត់គេចខ្លួនបាត់។
ភ្លាមៗបន្ទាប់កើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលចតុមុខ បានចេញអន្តរាគមន៍ ចុះទៅធ្វើការឃាត់បានក្មេងស្ទាវ ចំនួន៣នាក់ ជិះម៉ូតូ២គ្រឿង ខណៈដែលគ្រាន់តែឃើញសមត្ថកិច្ចក៏ជិះរត់តែម្តង តែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន យកមកធ្វើការសាកសួរនៅប៉ុស្តិ៍ភ្លាមៗ ចំណែកទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញកាំបិតប៉័ងតោ ២ដើម ផងដែរ ពេលនេះសមត្ថកិច្ចកំពុងចាត់ការបន្ត ៕