រាជធានីភ្នំពេញ ៖ រថយន្តឃ្លុបដឹកអីវ៉ាន់មួយគ្រឿងបានបើកគេចពីរថយន្ត និងម៉ូតូដែលកំពុងឈប់ចាំស្តុប ជាន់ហ្វ្រាំងមិនស៊ី បួងចង្កូតគេចចេញ ហួសចូលស្ថានីយ៍ប្រេងឥន្ទនៈជ្រុលបុកជញ្ជាំងកញ្ចក់ម៉ាត រងការខូចខាត១ផ្ទាំង សំណាងល្អនៅក្នុងហេតុការណ៍នោះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ កាលពីវេលាម៉ោង ៩និង៤៥ នាទីព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង យីហោLHR ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កជាប្រភេទរថយន្តឃ្លុក ដឹកអីវ៉ាន់ ពណ៌លឿងលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-9628 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តជាន់ហ្វ្រាំងលែងស៊ី ក៏សម្រេចបួងចង្កូតគេចចេញមកខាងស្តាំដៃ គេចពីរថយន្តម៉ូតូដែលកំពុងឈប់ចាំ ស្តុបក៏ ជ្រុលចូលក្នុងស្ថានីយ៍ប្រេងឥន្ធនៈទៅបុកផ្ទាំងកញ្ចាក់ជញ្ជាំងម៉ាតបែកកញ្ចក់ជញ្ជាំង១ផ្ទាំង រថយន្តទៅមុខលែងរួចតែសំណាងល្អ មិនបង្កអោយមនុស្សណាម្នាក់រងរបួសឡើយ។
ក្រោយកើតហេតុ គេឃើញសមត្ថកិជំនាញមូលដ្ឋាន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងនិងអោយភាគីម្ចាស់រថយន្តនិងភាគីម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈធ្វើការសម្របសម្រួលគ្នា ដោយភាគីម្ចាស់រថយន្តចេញថ្លៃជួសជុលនៃការខូចខាតដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕