រាជធានីភ្នំពេញ ៖ ជាងជួសជុលរថយន្ត២នាក់ពូនិងក្មួយ បានដេកស្លាប់លើពូក និងអង្រឹង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ចុះទៅធ្វើការពិនិត្យ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះទាំង២នាក់ រួមមាន ទី១. ង៉ែត ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមេជាងជួសជុលរថយន្ត (ជាថៅកែការ៉ាស់) មានស្រុកកំណើតនៅខេត្តបាត់ដំបង ស្នាក់នៅចំណុចកើតហេតុខាងលើ និងទី២ឈ្មោះ នួន ង៉ែត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅជាមួយគ្នា។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ជនរងគ្រោះទាំង២នាក់ពូនិងក្មួយ បានត្រឡប់មកពីយានដ្ឋានជួលជុលរថយន្តរបស់គាត់ ហើយមកសម្រាកនៅផ្ទះវិញ និងបាននាំគ្នាទទួលទានអាហារ រួចក៏បានបញ្ឆេះម៉ាស៊ីនភ្លើង ដោយសារផ្ទះគ្មានភ្លើង បូករួមទាំងប្រពន្ធមិននៅផ្ទះ រវល់នាំកូនតូចទៅមន្ទីរពេទ្យ ក៏នាំគ្នាមកដេក ម្នាក់លើគ្រែ ម្នាក់ទៀតលើអង្រឹង ដោយបានបញ្ឆេះម៉ាស៊ីនភ្លើងនោះ ដើម្បីបើកម៉ាស៊ីនត្រជាក់ ហើយក៏ដេកលក់រៀងខ្លួន។
ប្រភពដដែលបន្តថា លុះព្រឹកឡើង ភ្ញៀវបានយករថយន្តដែលយកមកជួលជុល នៅយានដ្ឋានជួលជុលរបស់ជនរងគ្រោះ និងបានតេទូរស័ព្ទទៅជនរងគ្រោះជាច្រើនលើក តែគ្មានអ្នកលើក ទើបកូនជាងរបស់គាត់ជិះម៉ូតូមកដល់ផ្ទះកើតហេតុខាងលើ ឃើញទ្វារចាក់សោពីខាងក្នុង ស្រែកហៅក៏គ្មានអ្នកតប សង្ស័យក៏គាស់ទ្វារអើតមើល ឃើញពូនិងក្មួយដេកស្លាប់ទាំង២នាក់តែម្តង ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ សហការជាមួយនគរបាលខណ្ឌមានជ័យ និងនគរបាលជំនាញផ្នែកកោសល្យវិច័យក្រុង បានចុះមកធ្វើការពិនិត្យ និងបានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ការស្លាប់របស់ជនរងគ្រោះទាំង២នាក់ពូក្មួយខាងលើនេះ គឺបណ្តាលមកពី ថប់ដង្ហើម ខ្វះអុកស៊ីសែន បណ្តាលមកពីបញ្ឆេះម៉ាស៊ីនភ្លើង និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕