រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ប្រដេញក្រុមជនសង្ស័យដែលជាចោរទាក់ឆ្កែ ចំនួន៣ម៉ូតូ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកំម្លាំងសមត្ថកិច្ច ដេញចាប់បាន២នាក់ នៅក្រោយវត្តទួល បង្កការភ្ញាក់ផ្អើលនៅម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្នុងខណ្ឌឬស្សីកែវ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌសែនសុខ បានអោយដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីពួនស្កាត់បង្ក្រាបបទល្មើស ក៏ឃើញជនសង្ស័យកំពុងជិះម៉ូតូ ធ្វើសកម្មភាពទាក់ឆ្កែ បាន៣បាវធំៗ លើម៉ូតូរបស់ជនសង្ស័យ ភ្លាមនោះ សមត្ថកិច្ច ក៏ប្រដេញតាមភ្លាមៗ ដោយជនសង្ស័យ២ម៉ូតូនោះ បានយកដៃថ្នាំអំពៅ ២៥លី គប់មកលើសមត្ថកិច្ច សំណាងល្អណាស់មិនត្រូវ ពេលនោះជនសង្ស័យ២ម៉ូតូនោះក៏ជិះរត់បាត់ សល់តែម៉ូតូម៉ាក RSX ពាក់ស្លាកលេខ ភ្នំពេញ 1N- 4273 ក៏ជិះតាមពីក្រោយ រហូតដល់ក្រោយវត្តទួល កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ បានកាក់ផ្លូវជាប់ ទើបឈានដល់ការចាប់ខ្លួនបាន២នាក់តែម្តង ត្រូវបានប្រជាពលរដ្ឋវាយស្វាគមន៍ចាស់ដៃផងដែរ ។
ក្រោយកើតហេតុ ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕